(មណ្ឌលគិរី)៖ មនុស្សចំនួន២នាក់ ពាក់ព័ន្ធករណីឆបោក និងក្លែងឯកសារសាធារណៈ ដែលនគរបាលខេត្តមណ្ឌលគិរី បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីធ្វើការចោទប្រកាន់ត្រូវ បានលោកចៅក្រមស៊ើបសួរ សំរេចធ្វើការដោះលែងឲ្យមានសេរីភាព នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយការដោះលែងនេះ ត្រូវបានគេដាក់ការសង្ស័យថា មានភាពមិនប្រកតីអាចពាក់ព័ន្ធរឿង ផលប្រយោជន៍។
មេខ្លោងទាំង២នាក់ ដែលជាប់ពាក់ព័ន្ធករណីឆបោក និងក្លែងឯកសារសាធារណៈ ក្នុងរឿងចេញលិខិតកាន់កាប់ដីធ្លី ឲ្យប្រជាពលរដ្ឋចំនួន៥៨៩គ្រួសារ និងបោកប្រាស់ប្រាក់រាប់រយលានរៀល ពីគ្រួសារខាងលើដោយសន្យាចែកដី ព្រៃរបស់រដ្ឋនៅ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជូនក្នុងមួយគ្រួសារចំនួន៥ហិកតា។
លោក ស៊ុម សោភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ឲ្យដឹងថា មនុស្សចំនួន២នាក់ ទី១-ឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ហៀត សារី ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិចាម ពិតជាបានធ្វើការបញ្ជូន ទៅកាន់សាលាដំបូងមែន កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។ ចំណែកលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី0២ ខែសីហា ឆ្នាំ២០១៦នេះ លោកបានថ្លែងប្រាប់ថា ករណីនេះលោកឲ្យតំណាងអយ្យការម្នាក់ ចាត់ការលើរឿងនេះ។
លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា ករណីសំណុំរឿងមនុស្ស២នាក់ ដែលមន្រ្តីនគរបាលយុត្តិធម៌បញ្ជូន មកកាន់សាលាដំបូងនោះគឺ លោកជាអ្នកកាន់ផ្ទាល់ ហើយរូបលោកកំពុងធ្វើការចោទប្រកាន់ និងដាក់បន្ទុកចំនួន២បទល្មើស ដោយបទល្មើសទី១ គឺឆបោក និងទី២ គឺការក្លែងបន្លំឯកសារសារធារណៈ ហើយបន្ទាប់ពី ធ្វើការចោទនិងដាក់បន្ទុក រួចលោកក៏បញ្ជូនខ្លួន ជនត្រូវចោទទាំងពីរនាក់ ជូនទៅលោកចៅក្រមស៊ើបសួរ ឈ្មោះសាអឿន កោសល្យមុនី ដើម្បីចាត់ការតាមនីតិវិធី ប៉ុន្តែមនុស្សពីរនាក់ខាងលើ ចៅក្រមស៊ើបសួររូបនេះ មិនបានធ្វើការសំរេចឃុំខ្លួននោះទេ បែរជាធ្វើការដោះលែង ឲ្យនៅក្រៅឃុំទៅវិញ។
តំណាងអយ្យការខេត្តមណ្ឌលគិរី បានសម្តែងនូវការសោកស្តាយ នៃការដោះលែងមនុស្សឲ្យ នៅក្រៅឃុំបែបនេះ រូបលោកនឹងធ្វើការប្តឹង ទៅសាលាឧទ្ទរណ៏ ដើម្បីឲ្យពិចារណាលើសំណុំរឿងេនះ ទៅតាមនីតិវិធីឡើងវិញ។
លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី និងលោក សូ សុវណ្ណ ស្នងការរងខេត្ត បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះករណីនេះ ដោយសារសមត្ថកិច្ច បានខិតខំធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃខែមកហើយ រហូតឈាន ទៅដល់ការឃាត់ខ្លួនជនសង្ស័យ ហើយមានទាំងឯកសារ ជាវត្ថុតាង និងចម្លើយសារភាព តែបែរជាដោះលែងទៅវិញ។
លោក សូវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃនេះថា សមត្ថកិច្ចនឹងតាមរកជនសង្ស័យទាំងពីរនាក់នេះមកវិញ ដើម្បីសួរនាំ។
ទាក់ទងនឹងការដោះលែងមនុស្ស ចំនួនពីរនាក់ខាងលើនេះ អង្គភាពព័ត៏មាន Fresh News មិនអាចសុំការបំភ្លឺពីលោក សាអឿន កោសល្យមុនី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តមណ្ឌលគិរីបានទេ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦ នៅស្រុកកែវសីមា សមត្ថកិច្ចនគរបាល ខេត្តមណ្ឌលគិរី បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់ ទី១ ឈ្មោះ កែវ វុទ្ធី ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិដំសេរី ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ជាមេខ្លោងខាងរត់ឯកសារដីធ្លី និងជាអ្នកចេញលិខិតកាន់កាប់ ដីធ្លីជូនប្រជាពលរដ្ឋ ដោយមានត្រាឈ្មោះ កែវ វុទ្ធី ទៀតផង ទី២ឈ្មោះ គ្រីម ឡេះ ភេទប្រុសអាយុ ៥៤ឆ្នាំ ជនជាតិចាម ស្រុកកំណើតភូមិឈើទាល ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទី៣ ឈ្មោះ ម៉ាន វី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចាម ស្រុកកំណើតភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ទី៤ឈ្មោះ. ហៀត សារី ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិចាម ស្រុកកំណើតភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងទី៥. ឈ្មោះ ជា ប៊ុនថា ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិដំណាក់សេរី ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ប៉ុន្តែមនុស្ស ៣នាក់ អត់មានពាក់ព័ន្ធ បទល្មើសដោយគ្រាន់តែដើរ ជាមួយគ្នាពេលសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានធ្វើការដោះលែងវិញ៕