(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានថ្លែងឲ្យដឹងថា ភាគីចិនបានព្រមព្រៀងឲ្យកម្ពុជាបង្កើនកូតានាំចេញអង្ករ ២០០ពាន់តោន ទៅប្រទេសចិន ខណៈពេលកន្លងទៅនាំចេញមានតែ១០០ពាន់តោនតែប៉ុណ្ណោះ ពិសេសកម្ពុជានឹងចុះកិច្ចព្រមព្រៀងជាមួយចិន ក្នុងការនាំចេញកសិកផល និងទំនិញផ្សេងទៀតផងដែរ។
លោករដ្ឋមន្ដ្រី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានយ៉ាងដូច្នេះ ក្រោយពីជំនួបជាមួយ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន លោក កៅ ហ៊ូឆឹង (GAO Hucheng) នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ប៉ាន សូរស័ក្តិ បញ្ជាក់ថា ក្រោមជំនួបពិភាក្សានៅព្រឹកនេះ យើងមានលទ្ធផលល្អច្រើន ក្នុងការជួយជំរុញការនាំចេញនូវកសិផល និងផលិតផលខ្មែរយើង នាំចេញទៅប្រទេសចិន ហើយមានការជួយមួយចំនួនដូចជា បង្កើននូវសមត្ថភាពមន្ដ្រីរាជការយើង ហើយភាគីចិនបានសន្យាថានឹងជួយកម្ពុជាយើង លើគ្រប់វិស័យ ទាំងក្នុងវិស័យកសិកម្ម ក៏ដូចជា វិស័យពាណិជ្ជកម្មទូទៅ ហើយក្នុងតំបន់ ក៏ដូចគ្នាដែរ នឹងមានការសហការល្អ។
លោករដ្ឋមន្ដ្រីបន្ដថា «ជាក់ស្ដែងក្រៅពីការនាំចេញអង្ករ យើងក៏បាននាំចេញនូវដំឡូងមីក្រៀម ពោត មៀន ស្វាយ និងកសិផលផ្សេងៗទៀត ដែលយើងបានចុះកិច្ចសន្យារួចមកហើយនេះ អភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដែលក្រៅការនាំចេញអង្ករ កាលពីកន្លងមកតែ១០០ពាន់តោន តែក្នុងឆ្នាំនេះ បានអនុញ្ញាតឲ្យយើងនាំចេញអង្ករ ទៅកាន់ទីផ្សារចិន រហូតដល់ទៅ២០០ពាន់តោន រួមនឹងនាំកសិផល និងផលិតផល ដំឡូងមីក្រៀម ស្វាយ ហើយយើងនឹងចុះហត្ថលេខា អនុញ្ញានាំចេញវត្ថុផ្សេងៗទៀត ស្ទើរគ្រប់វិស័យក្នុងកម្រិតអនុគ្រោះពន្ធរហូតដល់៩៧% នឹងលើសពីនេះទៀតទៅថ្ងៃក្រោយ ដែលយើងបានពិភាក្សា»។
លោកបន្ថែមថា «សម្រាប់ការផ្គត់ផ្គង់បច្ចុប្បន្ននេះ យើងមានកំណើនលើសនូវការផលិតដល់ទៅ៣លានតោន ក្នុងឆ្នាំនេះ ដូច្នេះចិននឹងជួយយើងបន្ថែមទៀតក្នុងការនាំចេញនេះ លើសពីនេះចិន គឺជាមិត្ដមួយ ដែលជាយុទ្ធសាស្រ្ដក្នុងការជួយកម្ពុជាយើង លើគ្រប់វិស័យ»។
គួរបញ្ជាក់ថា រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ នៅថ្ងៃខាងមុខ នឹងត្រូវធ្វើការពិភាក្សាប្រទេសអង់គ្លេស ដែលជាប្រទេសមួយ ទើបនឹងបែកពីអឺរ៉ុប ផ្តល់ការអនុញ្ញាតឲ្យមានការនាំចេលផលិតផល របស់កម្ពុជា៕