(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការរដ្ឋបាលទូទៅលើកទី២ រយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី០២-០៥ ខែសីហា ឆ្នាំ២០១៦ ក្នុងទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយផ្តោតលើគោលដៅ សំខាន់៥ចំណុចធំៗ ដើម្បីពង្រឹងសមត្ថភាព នៃការគ្រប់គ្រងអង្គភាព សាធារណៈរបស់មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក ជា ចាន់ហេង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សបានបញ្ជាក់ថា គោលដៅទាំង៥នោះ រួមមាន៖ ទី១.ធ្វើឲ្យមានការប្រែប្រួលលើគុណភាព សមត្ថភាពនៃការគ្រប់គ្រង អង្គភាពសាធារណៈ តាមការបំពេញកិច្ចការក្នុងមុខតំណែង តួនាទី មុខងារ ភារកិច្ច និងកាតព្វកិច្ចមន្រ្តីរាជការម្នាក់ៗ, ទី២.ផ្តល់ចំណេះដឹងពិតប្រាកដ លើជំនាញការងាររដ្ឋបាល ការងារការិយាល័យ និងការគ្រប់គ្រងបុគ្គលិក, ទី៣.ដើម្បីជាចំណែកមួយ នៃការជំរុញការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង, ទី៤.លុបបំបាត់ជាបណ្តើរៗ នូវការធ្វើការងាររដ្ឋបាល ដែលគ្រប់គ្រងតាមទម្លាប់មិនច្បាស់លាស់ តាមការយល់ឃើញផ្ទាល់ខ្លួន ឬយកបទពិសោធន៍មិនត្រឹមត្រូវពីគ្នា, និងទី៥.ដើម្បីប្រែក្លាយចំណេះដឹង នៃវគ្គបណ្ដុះបណ្ដាលនេះ ទៅជាជំនាញអនុវត្តជាក់ស្តែង ធ្វើឱ្យមន្រ្តីមានទំនុកចិត្តលើខ្លួនឯង ក្នុងការបំពេញតួនាទី មុខងារ ភារកិច្ច និងការផ្លាស់ប្តូរទម្លាប់ ដើម្បីរស់នៅក្នុងសង្គមផ្អែកលើសីលធម៌ល្អ។
ជាមួយគ្នានេះ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបតាមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០១២-២០២០ ក្រសួងទេសចរណ៍បានខិតខំជម្រុញ ការអភិវឌ្ឍធនធានមនុស្ស ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន សំដៅសម្រេចឱ្យភាពជោគជ័យ ប្រកបដោយនិរន្តភាព និងចីរភាព។
លោក ជា បូរ៉ា បានបន្ថែមថា «កត្តាធនធានមនុស្ស គឺជាអាទិភាពមួយយ៉ាងសំខាន់ ដែលយើងបាននិងកំពុងត្រូវការ ដើម្បីធានាឱ្យការងារសម្រេចបានលទ្ធផលល្អប្រសើរ ពីព្រោះថា យើងពិតជាជួបបញ្ហាពិបាក និងមិនងាយស្រួលក្នុងការដោះស្រាយបានទេ ប្រសិនបើយើងគ្មានការយល់ដឹងអំពីទ្រឹស្តី និងសញ្ញាណនៃការងារជាមុនសិននោះទេ»។
សូមជម្រាបថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ខាងមុខ ក្រសួងទេសចរណ៍នឹងចាប់ផ្ដើមលក់ពាក្យប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល ចំនួន១០០កន្លែង ដែលបម្រើការនៅទីស្តីការក្រសួង ចំនួន២៥កន្លែង និងក្នុងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ចំនួន៧៥កន្លែងទៀត សម្រាប់ឆ្នាំ២០១៦៕