(ភ្នំពេញ)៖ ប្រធានកាយឫទ្ធិកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅយប់ថ្ងៃទី៣១ ខែកក្កដា បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។

នៅក្នុងលិខិតអបអរសាទរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា «តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកាយរឹទ្ធិជាតិកម្ពុជា ខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយឥតឧបមា ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រ នៃចលនាកាយឫទ្ធិនារីកម្ពុជា ដែលអង្គសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៨ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេស Cyprus បានបោះឆ្នោតគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខ»។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ ដែលជាមហាកិត្តិយសដ៏ឧត្ដុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់ចលនាកាយរឹទ្ធិកម្ពុជា ដែលបានបង្ហាញពីកិត្យានុភាពព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា សមាគមកាយឫទ្ធិនារីកម្ពុជា នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយបញ្ជាក់ពីកម្ពុជាបានឈ្នះការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មានបន្តថា «កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយ រួមមាន កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការបានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។ បន្ទាប់មកកម្ពុជាយើងក៏បានបន្តជាប់ក្នុងចំណោម ២ ប្រទេសចុងក្រោយ គឺ កម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រ កម្ពុជាយើងត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។ សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី ១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក»។

ជាមួយគ្នានេះ សមាគមកាយឫទ្ធិនារីកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាជិកា សមាជិក ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានជួយគាំទ្រ ទាំងកម្លាំងចិត្ត និងថាមពលនានា ដើម្បីដាក់បេក្ខភាពកម្ពុជា សម្រាប់ធ្វើការជ្រើសរើស ដែលសកម្មភាពទាំងនេះបានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយរបស់ជនរួមជាតិយើង ក្នុងការលើកស្ទួយកិត្តិនាមប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ រហូតសម្រេចបានសមិទ្ធផលល្អប្រសើរត្រចះត្រចង់នាពេលនេះ ហើយសមាគមសូមលើកទឹកចិត្តដល់គ្រប់សមាជិកា សមាជិកទាំងអស់ រក្សាស្មារតីដ៏ប្រពៃនេះទៅថ្ងៃអនាគតទៀត៕