(សៀមរាប)៖ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានជំរុញដល់មន្ទីរសង្គមកិច្ច ត្រូវធ្វើអធិការកិច្ចនៅតាមមណ្ឌលថែទាំជំនួសក្នុងខេត្តឲ្យបានគ្រប់មណ្ឌល និងមានវិធានការឲ្យម៉ឺងម៉ាត់ចំពោះមណ្ឌលថែទាំណាមិនអនុវត្ត។
លោកស្រីលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យប្រចាំខែរបស់លេខធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រជុំបានត្រួតពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣ និងធ្វើកិច្ចពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្ត សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ លើការផ្សព្វផ្សាយច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរមនុស្សឆ្លងដែន កិច្ចការពារជនរងគ្រោះដោយការរត់ពន្ឋមនុស្ស និងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ជាដើម។
យោងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញពីចំណុចខ្លាំង ដោយបានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវទិសដៅភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ព្រមទាំងមានការចូលរួមកាន់តែសកម្មពីមន្ត្រីអនុវត្តតាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងទីភ្នាក់ងារសហប្រជាជាតិផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយសារការរត់ពន្ធឆ្លងដែនជាដើម។ អង្គប្រជុំក៏បានពិភាក្សាលើករណីប្រជាពលរដ្ឋ ដែលបានស្នើឲ្យអាជ្ញាធរធ្វើការបញ្ជាក់អំពីទំនាក់ទំនងរវាងពលរដ្ឋខ្មែរចំនួន ០១នាក់ ថា ជាកូនចិញ្ចឹមរបស់គ្រួសារជនជាតិជប៉ុន ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន ដោយមិនចាំបាច់ចំណាយលើការបង់ពន្ធ ប៉ុន្តែពុំត្រូវបានអាជ្ញាធរធ្វើការបញ្ជាក់ជូនឡើយ ដោយពុំមានលិខិតបទដ្ឋានគតិយុត្តណាមួយត្រឹមត្រូវ ទៅតាមច្បាប់សម្រាប់ធ្វើការបញ្ជាក់ជូនបាននោះទេ។
អង្គប្រជុំក៏បានធ្វើការពិភាក្សាលើទៅបញ្ហាពាក់ព័ន្ធ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយបានស្នើដល់មន្រ្តីមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធពិសេសមន្រ្តីនៅមូលដ្ឋានផ្ទាល់តែម្តងពីករណីដែលសង្ស័យថា មានជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឬអំពើរំលោភបំពាននានា និងធ្វើការកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់ទៅតាមទម្រង់ ដែលក្រុមការងារបានធ្វើការបណ្តុះបណ្តាលកន្លងមក។
លោកស្រី យូ សុភា ជំរុញដល់មន្ទីរសង្គមកិច្ច ត្រូវពង្រឹងទៅលើការធ្វើអធិការកិច្ចនៅតាមមណ្ឌលថែទាំជំនួសនៅក្នុងខេត្តឲ្យបានគ្រប់មណ្ឌល និងមានវិធានការឲ្យម៉ឺងម៉ាត់ចំពោះមណ្ឌលថែទាំណាមិនអនុវត្ត ឬគោរពទៅតាមគោលការណ៍និងបទដ្ឋានអប្បបរិមាដែលក្រសួងបានកំណត់។ ស្របតាមបរិបទឌីជីថល និងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមរបស់ប្រជាពលរដ្ឋ បាននឹងកំពុងមានសន្ទុះយ៉ាងខ្លាំង។
លោកស្រី បន្តថា នៅក្នុងខេត្តសៀមរាបសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងបង្ក្រាបបាននូវករណីរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញបានមួយចំនួនផងដែរ។
លោកស្រី បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅបញ្ហានេះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អាជ្ញាធរគ្រប់ថ្នាក់ និងអង្គការដៃគូទាំងអស់ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងសហការទប់ស្កាត់ តាមរយៈការងារអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងប្រើប្រាស់គ្រប់លទ្ឋភាព និងធនធាន ពិសេសនៅតាមគ្រិះស្ថានសិក្សា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាកលអំពីការជួញដូរ ការធ្វើអាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស ព្រមទាំងបទល្មើសពាក់ព័ន្ឋដទៃទៀតឱ្យបានដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវ័យក្នុង និងក្រៅសាលារៀន និងជនដែលងាយរងគ្រោះផងដែរ៕