(ភ្នំពេញ)៖ ទីបំផុត ! កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជនទូទាំងពិភពលោកច្រើនជាងប្រទេសហ្កាណា និងទុយណេស៉ី។ នេះតាម Facebook ផ្លូវការសមាគមកាយប្ញទ្ធិនារីពិភពលោក ដែលទើបផ្សព្វផ្សាយនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅ ចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦។
កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយ រួមមាន កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការបានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។
បន្ទាប់មកកម្ពុជាយើងក៏បានបន្តជាប់ក្នុងចំណោម ២ ប្រទេសចុងក្រោយ គឺ កម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រ កម្ពុជាយើងត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។
សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី ១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក៕