(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះលោកស្រី ទិត្យ ដាលីន ដែលមានលោក ទី មុន្និន ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងរឿងស៊ីដាច់ប្រាក់ទុនវិនិយោគពីបរទេសជិត ៧លានដុល្លារ ក្រោមរូបភាពទិញលក់ដីខ្យល់នៅឧទ្យានមុនីវង្សបូកគោ ដោយតុលារសម្រេចផ្តន្ទាទោសឈ្មោះ ហៃ ច័ន្ធភារិទ្ធ ដាក់ពន្ធនាគារកំណត់ ១ឆ្នាំ៦ខែ និងសំណងការខូចខាតចំនួន ៦,៧លានដុល្លា និងសំណងជំងឺចិត្តចំនួន ៣០ម៉ឺនដុល្លា៤ ទៅឱ្យដើមបណ្តឹង ពីបទ ឆបោក។

ប៉ុន្តែសាលក្រមដដែលនោះ លោកស្រីចៅក្រម ទិត្យ ដាលីន បានប្រកាសសម្រេច ឱ្យរួចផុតពីបទចោទលើឈ្មោះ គៀត សូនី ពីបទឆបោក និងប្រើប្រាស់ឯកសារក្លែង។

សូមរំលឹកថា ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣  លោកស្រី ទិត្យ ដាលីន ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកឡើងថា តុលាការបានសម្រេចចោទប្រកាន់លោក ហៃ ច័ន្ធភារិទ្ធ និងឈ្មោះ គៀត សូនី ពី «បទឆបោក បទរំលោភលើទំនុកចិត្ត បទសម្អាតប្រាក់ និងបទប្រើប្រាស់លិខិតក្លែង» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ បទល្មើសព្រហ្មទណ្ឌនេះមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសទាំងនេះ ត្រូវបញ្ចូលក្នុងសំណុំរឿងតែមួយ ដើម្បីជំនុំជម្រះតាមច្បាប់។

ប្រឈមមុខការចោទប្រកាន់នេះ ជនជាប់ចោទ បានសារភាពថា កាលពីអំឡុងឆ្នាំ ២០១៨ ខ្លួនបានស្គាល់ និងរាប់អានជនជាតិម៉ាឡេស៊ីម្នាក់ មានប្រពន្ធខ្មែរ បានពឹងពាក់ឲ្យខ្លួនរកទិញដីនៅខេត្តកំពត។ បន្ទាប់មក ខ្លួនបានជួបឈ្មោះ គៀត សូនី ដែលជាអ្នកប្រមូលទិញដី ដំបូងឡើយ ទិញបាន ១៦២ ហិកតា នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត តាមរយៈកិច្ចសន្យាទិញលក់ជាមួយខ្លួន ហៃ ច័ន្ធភារិទ្ធ និង ឈ្មោះ គៀត សូនី ក្នុងតម្លៃ ១,២៥ លានដុល្លារ។

ក្រោយមក ជនជាតិម៉ាឡេស៊ីនោះ ស្រលាញ់ដីនៅម្ដុំនោះទៀត ខ្លួនក៏បានឲ្យឈ្មោះ គៀត សូនី ប្រមូលទិញបន្ថែមបាន ៤១ ហិកតាទៀត ដោយសរុបទាំងអស់ ខ្លួនបានទទួលប្រាក់ជាបន្តបន្ទាប់ពីក្រុមហ៊ុនចំនួន ៦,៧ លានដុល្លារ រួមទាំងប្រាក់រត់ការធ្វើប្លង់ដីផង ព្រោះដីដែលប្រមូលទិញ គឺមានលិខិតទិញលក់ត្រឹមមេភូមិប៉ុណ្ណោះ ដោយសារដីនោះជាប់ពាក់ព័ន្ធនឹងដីគម្របឧទ្យានមុនីវង្សបូកគោ លុះក្រោយមកក្រុមហ៊ុនវីនហ៊ីលស៊ីធី ក៏បានដាក់ពាក្យប្ដឹងខ្លួនតែម្ដង នៅពេលដែលក្រសួងបរិស្ថានធ្វើលិខិតបញ្ជាក់ថា ជាដីរដ្ឋ។

លោក ហៃ ច័ន្ធភារិទ្ធ បានសារភាពទៀតថា ក្នុងទំហំដី ២០៣ ហិកតា ដែលខ្លួនប្រមូលទិញឲ្យក្រុមហ៊ុននោះ គឺ មានតែ ២ ហិកតាប៉ុណ្ណោះ មិនស្ថិតក្នុងដីរដ្ឋឧទ្យានជាតិមុនីវង្ស។

ជាមួយគ្នានោះ ដោយសារជនជាប់ចោទបានសារភាព តំណាងអយ្យការ លោក ទី មុនិន្ទ បានតម្កល់ទុកបទចោទប្រកាន់ទាំងអស់លើ លោក ហៃ ច័ន្ទភារិទ្ធ និង ឈ្មោះ គៀត សូនី ហើយស្នើឲ្យតុលាការសម្រេចតាមច្បាប់។

ចំណែកមេធាវីតំណាងក្រុមហ៊ុន បានទាមទារសំណងខូចខាតចំនួន ៦,៧ លានដុល្លារ និងប្រាក់ជំងឺចិត្តចំនួន ២ លានដុល្លារ ពីជនជាប់ចោទ ហៃ ច័ន្ទភារិទ្ធ និងសុំឲ្យតុលាការផ្ដន្ទាទោសជនជាប់ចោទតាមច្បាប់៕