(កំពង់ចាម)៖ អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល បានថ្លែងថា ខេត្តកំពង់ចាមសំបូរទៅដោយធនធានមនុស្សមានសក្តានុពលសេដ្ឋកិច្ច ដែលផ្ដល់ឱកាសឲ្យក្រុមហ៊ុនផ្សេងៗជាច្រើន មកដាក់ទុន វិនិយោគជាបន្តបន្ទាប់ ។

លោកអភិបាលរងខេត្ត បានលើកឡើងដូច្នេះនៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសសម្ពោធជាផ្លូវការសាខាក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខេត្តកំពង់ចាម ស្ថិតនៅលើផ្លូវជាតិលេខ ៧ ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

លោក ហាន កុសល បានឲ្យដឹងទៀតថា សម្រាប់ខេត្តកំពង់ចាម សម្រាប់ការចូលមកវិនិយោគទាំងក្រុមហ៊ុនសហគ្រិនកម្ពុជា និងទាំងសហគ្រិន និយោជកមកពីបរទេស ធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងខេត្តកើនឡើងក្នុងរង្វង់ប្រមាណ ៥% ក្នុងមួយឆ្នាំ ។ ជាក់ស្ដែង គឺចាប់ពីឆ្នាំ ២០១១ រហូតមកដល់ឆ្នាំ ២០២២ រង្វង់ ជីឌីភី ខេត្តកំពង់ចាមកើនឡើង ប្រមាណជា ៥% ដែលក្នុងឆ្នាំ ២០១១ ជីឌីភី សរុបក្នុងខេត្តមានប្រមាណជា ១,០០០ លានដុល្លារ ប៉ុន្តែរហូតមកដល់ឆ្នាំ ២០២២ គឺកើនឡើង ១.៨ ពាន់លានដុល្លារអាមេរិក។

ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានឲ្យដឹងដែរថា ដោយសារតែមានតម្រូវការរបស់អតិថិជន រួមជាមួយនឹងកំណើនការលក់រថយន្តថ្មី របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅតែបន្តកើនឡើងជាលំដាប់ ទើបក្រុមហ៊ុនបានសម្រច ពង្រីកអាជីវកម្មទៅកាន់តំបន់សក្តានុពលជាច្រើន ទូទាំងប្រទេសកម្ពុជា ដោយមានការសហការណ៏យ៉ាងល្អ និង ស្អិតរមួត ជាមួយនឹងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន។

លោកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តកំពង់ចាមថ្មី ត្រូវបានសាងសង់ឡើង ដោយបំពាក់ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗ កន្លែងតាំងបង្ហាញរថយន្តដ៏ធំទូលាយ ដែលនឹងផ្តល់អារម្មណ៍ស្រស់ស្រាយ និងផាសុកភាពជូនដល់អតិថិជន។ លើសពីនេះទៅទៀត បុគ្គលិកគ្រប់រូប ក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការផ្តល់សេវាកម្មប្រឹក្សារយោបល់ អំពីរថយន្ត និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន ជូនដល់អតិថិជនដែលរស់នៅក្នុងខេត្តកំពង់ចាមផ្ទាល់ ក៏ដូចជាអតិជនដែលមកពីបណ្តាខេត្ត ក្រុងផ្សេងៗ ជាពិសេស ខេត្តដែលមានព្រំប្រទល់ក្បែរខេត្តកំពង់ចាមផងដែរ៕