(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ និងរដ្ឋបាលខេត្តក្រចេះ ព្រមទាំងសប្បុរសជនទាំងអស់ ដែលមានសទ្ធាជ្រះថ្លាបានចូលរួមវិភាគទាន ចូលបច្ច័យក្នុងពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលថវិកាកសាងអគារសិក្សាមួយខ្នងមាន៥បន្ទប់ នៅសាលាបឋមសិក្សាល្អ ស្ថិតក្នុងភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលជួបប្រទះការលំបាកខ្វះខាតយ៉ាងខ្លាំង។

លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបញ្ចាក់ថា «កាយវិការប្រកបដោយសប្បុរសធម៌ ស្តែងចេញពីទឹកចិត្តសាមគ្គីដ៏ប្រសើររបស់ លោក លោកស្រីទាំងអស់តាមរយៈបុណ្យផ្ការស្មីសាមគ្គីនេះ អាចឱ្យយើងប្រមូលបានថវិកាចំនួន ៨ម៉ឺន ៥ពាន់ដុល្លារ អាមេរិកដែលទឹកប្រាក់ទទួលបានគ្រប់គ្រាន់សម្រាប់ការកសាងអគារសិក្សាមួយខ្នងទំហំ១០ម៉ែត្រ x ៤០ម៉ែត្រ មាន៥បន្ទប់ បំពាក់ឧបករណ៍ សម្ភារៈ បរិក្ខារតាមស្ដង់ដាវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ហើយការសាងសង់ត្រូវបានចាប់ផ្តើមអនុវត្តដែលគ្រោងបញ្ចប់រយៈពេល៦ខែខាងមុខ»

សាជាថ្មីម្តងទៀត លោករដ្ឋមន្រ្តី ព្រុំ សុខា សូមឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីបុណ្យផ្ការស្មីសាមគ្គីនេះជូនដល់ លោក លោកស្រី ទាំងអស់គ្រប់ៗគ្នា កុំបីអាក់ខានឡើយ។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រទានពរជ័យ បវរសួស្តី សិរីមង្គលគ្រប់ប្រការជូនចំពោះ លោក លោកស្រីទាំងអស់សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងសូមសមប្រកបនឹងព្រះពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពិធីបុណ្យផ្ការស្មីសាមគ្គី

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាសាលាបឋមសិក្សាល្អ