(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ អ៊ុយបែរ៍ គួរ្យៀង (Huber Curien) ទន្លេសាប ដោយប្រើប្រាស់ថវិកានៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់គាំទ្រដល់ការផ្តួចផ្តើម អភិវឌ្ឍ ឬបន្តគម្រោងស្រាវជ្រាវលើការស្រាវជ្រាវដើម្បីអភិវឌ្ឍជាអទិភាព ៨ចំណុច។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្តាញព័ត៌មានFresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថាគម្រោងស្រាវជ្រាវលើការស្រាវជ្រាវដើម្បីអភិវឌ្ឍជាអទិភាព ៨ចំណុច រួមមាន៖ ១. សេដ្ឋកិច្ចនិងបច្ចេកវិទ្យាឌីជីថល ២. កសិកម្មអនុវត្ត ៣. ជីវបច្ចេកវិទ្យានិងជីវវិទ្យាសាស្ត្រ ៤. វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថាមពល ៥. វិទ្យាសាស្រ្តកុំព្យូទ័រ ៦. វិទ្យាសាស្ត្របរិស្ថាន ៧. វិទ្យាសាស្ត្រមនុស្សជាតិនិងសង្គម និង ៨. គរុគោសល្យនវានុវត្តន៍។
កិច្ចសហប្រតិបត្តិការភាពជាដៃគូ Huber Curien “ទន្លេសាប” ត្រូវបានរៀបចំឡើងដោយមានគោលដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ ជំរុញ និងគាំទ្រកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងអ្នកស្រាវជ្រាវជាតិបារាំង និងខ្មែរនៅក្នុងស្ថាប័នសាធារណៈ
២៖ លើកទឹកចិត្តក្នុងការកសាងទំនាក់ទំនង និងភាពជាដៃគូថ្មី ក៏ដូចជា ការអភិវឌ្ឍគំនិតច្នៃប្រឌិត ឧត្តមភាព និងពង្រឹងសមត្ថភាពក្នុងចំណោមយុវអ្នកស្រាវជ្រាវ
៣៖ ជំរុញការផ្លាស់ប្ដូររវាងអ្នកស្រាវជ្រាវ តាមរយៈការគាំទ្រភាពចល័តរបស់ពួកគេ រវាងប្រទេសទាំងពីរ
៤៖ អភិវឌ្ឍនូវភាពស៊ីចង្វាក់គ្នារវាងសហគមន៍វិទ្យាសាស្ត្រទាំងពីរ ដើម្បីបង្កើតនូវប្រព័ន្ធកិច្ចសហប្រតិបត្តិការប្រកប ដោយចីរភាព៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ៖