(កំពង់ស្ពឺ)៖ លោក លេង ផាលី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ ទទួលបន្ទុក៤ឃុំ មាន ឃុំហោងសំណំ ឃុំតាសាល ឃុំរស្មីសាមគ្គី និងឃុំត្រពាំងជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋស្រុកឱរ៉ាល់ និងខេត្តកំពង់ស្ពឺ ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស ដែលតែងតែស្រលាញ់ ជឿជាក់ និងគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ហើយបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យសម្លេងឆ្នោតនៅស្រុកឱរ៉ាល់ និងខេត្តកំពង់ស្ពឺ ក៏ដូចទូទាំងប្រទេស ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ នៅនីតិកាលទី៧ នេះ។
លោក លេង ផាលី បានថ្លែងកោតសរសើរដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គណៈកម្មាធិការបក្សស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាលចុះជួយ ឃុំហោងសំណំ ឃុំតាសាល ឃុំរស្មីសាមគ្គី និងឃុំត្រពាំងជោ គណៈកម្មាធិការបក្សឃុំទាំង ៤ ក្រុមការងារយុវជន ក្រុមការងារស្ត្រី ក្រុមបណ្តាញបញ្ញាវ័ន្ត ក្រុមឃោសនិក និងសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងថវិកា ក្នុងការបំពេញភារកិច្ចជូនគណបក្សដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបញ្រ្ជាបគោលនយោបាយគណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងស្រុកឱរ៉ាល់ ឱ្យបានយល់ដឹង និងជ្រូតជ្រាបរហូតទទួលបានការគាំទ្រលើសផែនការដែលគណបក្សបានដាក់ចេញ និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ធំធេង ជូនគណបក្សប្រជាជនកម្ពុជា និងនាំមកនូវកិត្តិយសធំធេង ជូនដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ទាំងអស់។
ជាមួយគ្នានេះដែរ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ ទទួលបន្ទុក ៤ឃុំ លោក លេង ផាលី ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេច ក្រុមការងារគ្រូពេទ្យស្ម័គ្រលោក ហ៊ុន ម៉ានី ថ្នាក់ដឹកនាំ សមាជិក សមាជិកាសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ និងប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ និងខេត្តកំពង់ស្ពឺ ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោក លេង ផាលី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី ដែលមាន លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយក្នុងរយៈពេល១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៥ កក្កដា ឆ្នាំ២០២៣) បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមាន៖
១៖ ក្នុងស្រុកឱរ៉ាល់ បានចំនួន ២០៣ លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន ២៥៦,៧៣៧នាក់ ដង(ម្ភៃប្រាំម៉ឺន ប្រាំមួយពាន់ប្រាំពីររយសាមសិបប្រាំពីរនាក់ ដង) ក្នុងនោះស្រ្តីមានចំនួន ១៧៥,៧៤៦នាក់ ដង (ដប់ប្រាំពីរម៉ឺនប្រាំពាន់ប្រាំពីររយសែសិបប្រាំមួយនាក់ ដង)
២៖ ក្នុងខេត្តកំពង់ស្ពឺ បានចំនួន ២៧៣ លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន ១,២៥៤,០៩៩នាក់ ដង ( មួយលាន ម្ភៃប្រាំម៉ឺនបួនពាន់កៅសិបប្រាំបួន នាក់ ដង) ក្នុងនោះស្រ្តីមានចំនួន ៦៨៣,៣៧៦នាក់ ដង (ហុកសិបប្រាំបីម៉ឺនបីពាន់បីរយចិតសិបប្រាំមួយ នាក់ ដង)
៣៖ ក្នុង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១០៩៧ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១១,៨៤២,១៨៤នាក់ (ដប់មួយលាន ប៉ែតសិបបួនម៉ឺន ពីរពាន់ មួយរយ ប៉ែតសិបបួន នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,០៥៤,៦៩៤នាក់ (ប្រាំមួយលានប្រាំម៉ឺនបួនពាន់ ប្រាំមួយរយកៅសិបបួននាក់) បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៩២,១០៩,២០០ដុល្លារ (ប្រាំរយកៅសិបពីរលានដប់ម៉ឺន ប្រាំបួនពាន់ ពីររយ ដុល្លារសហរដ្ឋអាមេរិក)។
គួរជម្រាបថា ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព គ្មានអំពើហិង្សា និងបានបង្ហាញទៅកាន់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពចាស់ទុំ ភាពម្ចាស់ការ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់គណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕