(មូស្គូ)៖ ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD របស់អាមេរិកនៅលើទឹកដី ប្រទេស កូរ៉េខាងត្បូងនោះ កំពុងតែជំរុញឲ្យកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសចិន និងរុស្ស៊ីកាន់តែស្អិតល្មួត ជាងពេលណាៗទាំងអស់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។
លោក Sergei Luzianin នាយកប្រតិបត្តិនៃវិទ្យាស្ថានវិទ្យាសាស្ត្រនយោបាយនៃភាគខាងកើតប្រទេសរុស្ស៊ីបាន ថ្លែងឲ្យដឹងថា «វាចាំបាច់ណាស់ក្នុងការបង្កើតឲ្យមានសេចក្តីថ្លែងការណ៍រួមថ្មីមួយ ទៅលើកិច្ចសហប្រតិបត្តិការ និងការការពារស្ថិរភាពនៅក្នុងតំបន់។ យើងមិនចាំបាច់ធ្វើការចងក្រងជាសម្ព័ន្ធមិត្តនោះទេ ដោយយើងគ្រាន់តែត្រូវការ នូវការពង្រឹងនិងពង្រីកភាពជាដៃគូ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមថ្មីតាមធម្មជាតិនៃយុទ្ធសាស្ត្រមួយ»។
អ្នកជំនាញខាងយុទ្ធសាស្ត្ររបស់រុស្ស៊ី ខាងលើនេះក៏បានសង្កត់ធ្ងន់ទៀតថា កិច្ចសហប្រតិបត្តិការនៃបច្ចេកទេសយោធា ក្នុងនោះមានដូចជា ការធ្វើសមយុទ្ធរួម និង ការពង្រីកឥទ្ធិពលលើឆាកអន្តរជាតិ ខណៈដែលប្រទេសយក្សទាំងពីរនេះ ត្រូវបានគេទទួលស្គាល់ថាជាមហាអំណាចដែល មានតួនាទីទទួលខុសត្រូវចំពោះ សន្តិភាព, ស្ថិរភាព, និងការអភិវឌ្ឍទាំងថ្នាក់តំបន់ និងសកលលោក។
គួរបញ្ជាក់ថាការលើកឡើងខាងលើនេះ គឺជាការជំរុញឲ្យប្រទេសរុស្ស៊ី និងចិន ធ្វើការសហការគ្នាឲ្យបានខ្លាំងជាងនេះ ដើម្បីទប់ទល់នឹងការព្យាយាមបិទផ្លូវពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្ត ជាពិសេសនោះគឺការគ្រោងដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD របស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ដែលរុស្ស៊ី និងចិន បានបង្ហាញការជំទាស់ យ៉ាងដាច់ខាតរួចទៅហើយ ប៉ុន្តែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហាក់មិនបានយកត្រចៀកស្តាប់នោះឡើយ៕