(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក បានផ្ញើសារលិខិត កោតសរសើរក្រុមការងារបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានតាមបណ្តាឃុំ ស្រុកលើកដែកទាំងអស់ ចំពោះការទទួលបាននូវជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត កន្លងទៅនេះ។
លោកស្រីមានក្តីសោមនស្សរីករាយ ជាអនេក និងមានមោទនភាពយ៉ាងក្រៃលែង ដោយមូលដ្ឋានស្រុកលើកដែកយើងទទួលបាននូវជ័យជម្នះដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
លោកស្រី បានលើកឡើងថា ក្នុងទិសដៅឆ្ពោះទៅមុខ យើងទាំងអស់គ្នា ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានខ្ជាប់ខ្ជួនក្នុងការដោះស្រាយបញ្ហានានា ការបន្តជំរុញអភិវឌ្ឍមូលដ្ឋាន ការផ្តល់នូវសេវាចាំបាច់ និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ព្រមទាំងត្រូវខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ច គ្រួសារមានលំនឹង និងកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់គណបក្ស៕