(កំពត)៖ គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ នារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករកនេះដោយផ្ទាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រតិបត្តិការបន្ដរុករកតាំងពីព្រឹក រហូតដល់ល្ងាចនេះ យើងមិនទាន់រកឃើញស្ដ្រីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់នោះឡើយទេ»។

បើទោះបីរកមិនទាន់ឃើញយ៉ាងណាក្ដី ប៉ុន្ដែកម្លាំងសមត្ថកិច្ចចម្រុះមិនទាន់បោះបង់ចោលនូវប្រតិបត្តិការនេះនោះទេ ពោលនៅតែបន្ដដុតដៃដុតជើង ដើម្បីស្វែងរកនារីម្នាក់នោះ។ បើតាមសេចក្ដីរាយការណ៍ សមត្ថកិច្ចបានជួបនៅការលំបាកមួយចំនួន ក្នុងប្រតិបត្តិការនេះដោយហេតុថា ទីតាំងនោះជាតំបន់ព្រៃភ្នំទឹកជ្រោះ និងគួបផ្សំភ្លៀងដែលធ្លាក់មកជាបន្ដបន្ទាប់។

គួរជម្រាបថា នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មាននារី៣នាក់ បានបាត់ខ្លួនពេលទៅបោះតង់នៅទឹកធ្លាក់ឱម៉ាល់ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់។ ក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញនារី២នាក់ ជាប់នៅក្នុងតង់ ដោយក្នុងនោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណៈម្នាក់បន្ដបាត់ខ្លួន។

រំលងបានមួយថ្ងៃ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានជួយជម្លៀសភ្ញៀវទេសចរជាច្រើននាក់ផ្សេងទៀត ដែលបានធ្វើដំណើរកម្សាន្ដបែបបោះតង់នៅទីតាំងខាងលើ ដើម្បីមកកាន់កន្លែងដែលមានសុវត្ថិភាពផងដែរ ហើយប្រតិបត្តិការនៅបន្ដដើម្បីរកនារីម្នាក់ដែលបាត់ខ្លួន។

ជាមួយគ្នានេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ច បានអំពាវនាវដល់ភ្ញៀវទេសចរដែលចង់ធ្វើដំណើរកម្សាន្ដ ពិសេសនៅតំបន់ព្រៃភ្នំ ទឹកជ្រោះ បោះតង់ជាដើមនោះ គួរបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈរដូវនេះជារដូវវស្សា ងាយនឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ជាដើម៕