(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រគល់បណ្ណថ្លែងអំណរគុណរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សប្បុរសជន ដែលបានបរិច្ចាគថវិកាគាំទ្រកាកបាទក្រហមកម្ពុជា បន្ដបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះបំផុតនៅកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្ដទៅនៅថ្ងៃទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានសប្បុរសជនចំនួន៤រូប ដែលបានមកទទួលនូវបណ្ណថ្លែងអំណរគុណ រួមមាន៖ ឧកញ៉ា លី​ គឹមហេង និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ លោក អ៊ុក ណារីម និងភរិយា ថវិកា ៥០០ដុល្លារ លោក យូ ម៉ាយ និងលោកស្រី ម៉ែន ឌីម៉ង់ចំរុងនិរន្តរ៍ ថវិកាចំនួន ១ពាន់ដុល្លារ ដែលបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ និងលោកជំទាវវេជ្ជបណ្ឌិត ទ្រី ច័ន្ទរ៉ាឌី នាយិកា សាលារៀន ឃីង ឃីដ អូទីស្សឹម បង់សមាជិកភាពប្រចាំឆ្នាំ២០២៣ ចំនួន ៥០០ដុល្លារ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧកញ៉ា លី គឹមហេង និងលោកជំទាវ រួមទាំងសប្បុរសជនទាំងអស់ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់មកនេះ។

លោកស្រី​ ម៉ែន នារីសោភ័គ ក៏បានកោតសរសើរពីទឹកចិត្ដដ៏សប្បុរសរបស់ឧកញ៉ា លី គឹមហេង និងសប្បុរសជនទាំងអស់ ដែលបានចូលរួមគ្រប់សកម្មភាពមនុស្សធម៌ ជួយប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត ព្រមទាំងការជួយសង្គម និងអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាចុងក្រោយ លោកស្រីបានជូនពរដល់ឧកញ៉ា លី គឹមហេង និងសប្បុរសជនទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕