(ភ្នំពេញ)៖ ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍គម្រប់៥០ឆ្នាំ គិតចាប់តាំងពីកាលដែលសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានសព្វព្រះរាជហឫទ័យ រាជចំណារលើសៀវភៅកំណត់ហេតុស្តីពីព្រះរាជដំណើរ ជាប្រវត្តិសាស្ត្ររបស់ព្រះអង្គ។
ឆ្លៀតក្នុងឱកាសនេះ បណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា មានមហាកិត្តិយសសូមប្រកាសនូវការចេញផ្សាយការបកប្រែជាភាសាខ្មែរ នៃព្រះរាជកំណត់ហេតុឆ្នាំ១៩៧៣ កត់ត្រាអំពីព្រះរាជដំណើរជាប្រវត្តិសាស្ត្ររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
សៀវភៅនេះមានចំណងជើងថា «សាក្សីប្រវត្តិសាស្ត្រ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ» ដែលជាឯកសារប្រវត្តិសាស្ត្រគ្មានពីរ បានបង្ហាញអំពីព្រះរាជហឫទ័យសង្កេតផ្ទាល់ របស់សម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជបេសកកម្ម និងព្រះរាជដំណើររបស់ព្រះអង្គ យាងទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ស្ថិតនៅក្នុងប្រទេសកម្ពុជា។
សម្តេចព្រះមហាក្សត្រី បានយាងអមព្រះរាជដំណើរ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ចាប់ផ្តើមចេញពីការយាងព្រះរាជដំណើរតាមព្រះទីនាំង យន្តហោះចេញពីទីក្រុងប៉េកាំង ឆ្ពោះទៅកាន់ទីក្រុងហាណូយ និងបន្ទាប់មកបន្តដំណើរដោយព្រះទីនាំងរថយន្ត តាមបណ្តោយផ្លូវលំ ហូជីមិញ ឆ្ពោះទៅកាន់ខេត្តសៀមរាប/អង្គរវត្ត ដោយឆ្លងកាត់ផ្នែកខ្លះ នៃផ្លូវលំសីហនុ ក្នុងរយៈពេលប្រមាណ៣៩ថ្ងៃ។
ព្រះរាជដំណើរនេះ មានព្រះរាជគោលបំណង៖ ទីមួយ គឺដើម្បីយាងអង្កេតការណ៍លើតំបន់ព្រំដែនប៉ែកខាងកើត នៃប្រទេសកម្ពុជា ដែលតំបន់នេះត្រូវបានកាត់ផ្តាច់មិនអាចធ្វើដំណើរទៅដល់ក្នុងរយៈកាលជាងបីឆ្នាំកន្លងមក ដោយសារតែសង្គ្រាមរ៉ាំរ៉ៃ, ការទម្លាក់គ្រាប់បែក និងការកាន់កាប់។ ទីពីរ គឺដើម្បីយាងជួបជាមួយប្រជានុរាស្ត្រកម្ពុជានៅក្នុងតំបន់នេះ ដើម្បីឈ្វេងយល់អំពីស្ថានភាព និងតម្រូវការរបស់ប្រជាជនទាំងនោះ។ ទីបី គឺដើម្បីធានាជូនប្រជានុរាស្ត្រថាព្រះអង្គទាំងទ្វេ គឺជាថ្នាក់ដឹកនាំនៃចលនាតស៊ូកម្ពុជា។
ថ្វីត្បិតតែត្រូវប្រឈមទៅនឹងភាពលំបាកលំបិន និងហានិភ័យដ៏ប្រថុយប្រថាន ដូចដែលបានពិពណ៌នានៅក្នុងខ្លឹមសារ នៃកំណត់ហេតុនេះស្រាប់យ៉ាងណាក្តី សម្តេចព្រះមហាក្សត្រី នៅតែមិនរួញរាក្នុងការចូលរួមនៅក្នុងព្រះរាជដំណើរនេះ។ សៀវភៅកំណត់ហេតុនេះ បានរំលេចអំពីគោលគំនិតមួយ ស្តីអំពីប្រវត្តិសាស្ត្រសហសម័យ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះគឺ ផ្តល់ជាមាគ៌ាមួយបង្ហាញអំពីភាពអង់អាច និងតួនាទីផ្ទាល់ព្រះកាយដ៏វិសេសវិសាលរបស់សម្តេចព្រះមហាក្សត្រី ក្នុងព្រះបរមនាម ជាអ្នកត្រួសត្រាយ និងជាព្រះរាជគំរូសម្រាប់ស្ត្រីកម្ពុជាគ្រប់វ័យ ទាំងក្មេង និងចាស់។
សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះលិខិតផ្ទាល់ព្រះហស្តនូវបទពិសោធន៍របស់ព្រះអង្គលើចំណារដើមជាភាសាបារាំង។ នៅក្នុងឆ្នាំ២០២១ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រោសព្រះបរមរាជានុញ្ញាត ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការបកប្រែជាផ្លូវការនូវសៀវភៅកំណត់ហេតុរបស់ព្រះអង្គ ទៅជាភាសាអង់គ្លេស ដើម្បីផ្តល់ឱកាសសិក្សាឈ្វេងយល់ដល់អ្នកអានទូទៅឲ្យបានទូលំទូលាយជាងមុន។
មិនតែប៉ុណ្ណោះសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការបកប្រែជាផ្លូវការនូវសៀវភៅកំណត់ហេតុរបស់ព្រះអង្គ ទៅជាភាសាខ្មែរផងដែរ។ ការបកប្រែជាភាសាខ្មែរនូវព្រះរាជកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី បានបញ្ចប់រួចរាល់ និងបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
ការបកប្រែជាភាសាខ្មែរ ចំពោះសៀវភៅកំណត់ហេតុនេះ គឺពិតជាមានសារសំខាន់ចំពោះប្រវត្តិវិទូ និងប្រជាជនកម្ពុជាគ្រប់រូប។ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី គឺជាសំអាងនៃកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតពុំអាចកាត់ថ្លៃបាន ពិពណ៌នារយៈកាលដ៏វិសេសវិសាលមួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
បច្ចុប្បន្ន សៀវភៅសាក្សីប្រវត្តិសាស្ត្រ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាភាសាខ្មែរចំនួន៤២៧៦ក្បាល ត្រូវបានបុគ្គលិកបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជានាំយកទៅចែកជូនដល់សាធារណជននៅតាមបណ្តាខេត្តចំនួន៦។
លោក ឆាំង យុ បានបញ្ជាក់ថា បណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជានឹងបោះពុម្ពសៀវភៅ សាក្សីប្រវត្តិសាស្ត្រ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំនួន១សែនក្បាល សម្រាប់ចែកជូនដល់សាធារណជនទូទៅក្នុងរយៈពេល៣ឆ្នាំខាងមុខ។
ប្រសិនបើបងប្អូនត្រូវការសៀវភៅសាក្សីប្រវត្តិសាស្ត្រ៖ កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អាចមកយកនៅបណ្ណាល័យសម្តេចម៉ែ ភូមិគ្រឹះលេខ១១ ផ្លូវ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទាក់ទងមកលោក រស់ សំពៅ លេខទូរសព្ទ ០១២ ៨៨២ ៥០៥ ឬ តាមទំព័រ ហ្វេសប៊ុក The Sleuk Rith Institute៕