(ភ្នំពេញ)៖ ក្រុមហ៊ុន ICC VN innovative Solution Consulting Service បានប្រកាសខ្លួន ក្លាយជាក្រុមហ៊ុន ទទួលសិទ្ធិចែកចាយផ្តាច់មុខ ទៅលើប្រព័ន្ធ SAP ប្រភេទ SAP Business One សម្រាប់ទីផ្សារកម្ពុជា។
ប្រព័ន្ធ SAP ប្រភេទ SAP Business One ជាប្រព័ន្ធប្រតិបត្តការ គ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដែលមានប្រជាប្រិយភាព នៅទូទាំងសកលលោក ដើម្បីផ្តល់ភាពងាយស្រួល ដល់ម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាស ក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ គ្រប់គ្រងស្កុកទំនិញ ការបញ្ជាទិញ ជាដើម។
លោកស្រី ញ៉ា បួយ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ICC VN innovative Solution Consulting Service បានថ្លែងក្នុងពិធីទទួលសិទ្ធិចែកចាយផ្តាច់មុខ ប្រព័ន្ធ SAP នៅព្រឹកថ្ងៃទី០២ ខែសីហានេះ នៅសណ្ឋាគារ InterContinental ថា «ក្នុងនាមជាក្រុមហ៊ុន ចែកចាយផ្តាច់មុខនៃប្រព័ន្ធ SAP យើងកំពុងនឹងពង្រីកសក្តានុពល នៃផលិតផលរបស់យើងជាមួយ SAP Business One ដែលជាដំណោះស្រាយ ចំពោះការគ្រប់គ្រងអាជីវកម្ម ដែលផ្តល់នូវព័ត៌មានទាន់ពេលលើផ្នែកហិរញ្ញវត្ថុ សន្និធិ ការបញ្ជាទិញ និងដំណើរការគ្រប់គ្រងអាជីវកម្មផ្សេងទៀត ដែលវាបានជួយលើកកម្ពស់ អភិបាលកិច្ច និងអនុលោមតាមច្បាប់បទបញ្ញត្តិហិរញ្ញវត្ថុ នៅក្នុងក្រុមហ៊ុនរបស់អ្នកប្រើប្រាស់»។
ប្រធានគ្រប់គ្រងក្រុមហ៊ុន ដែលបទពិសោធន៍ជាង១០ឆ្នាំ លើវិស័យបច្ចេកវិទ្យានេះ បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុន ចែកចាយផ្តាច់មុខនៃប្រព័ន្ធ SAP ក្រុមហ៊ុន ICC VN innovative Solution Consulting Service នឹងធ្វើការផ្តល់នូវផលិតផល SAP Business One ដល់ក្រុមហ៊ុនលក់ ឬក្រុមហ៊ុនចែកចាយបន្ត នូវផលិតផលនេះ នៅកម្ពុជា សម្រាប់សកម្មភាពអាជីវកម្មនានា ដូចជាក្រុមហ៊ុន ទិញលក់ទំនិញ ក្រុមហ៊ុនចែកចាយបន្ត ក្រុមហ៊ុនលក់រាយ ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនបម្រើសេវាកម្មផ្សេងជាដើម»។
លោក Roy Wakim នាយកគ្រប់គ្រង SAP Business One ប្រចាំតំបន់អាស៊ីអាគ្នេហ៍ បានថ្លែងថា «ប្រព័ន្ធ SAP Business One បាននិងកំពុងតែពេញនិយម នៅក្នុងសហគ្រាស និងក្រុមហ៊ុនល្បីៗ ក្នុងពិភពលោក ដូចជាក្រុមហ៊ុន Revlon ក្រុមហ៊ុន Uniliver និងក្រុមហ៊ុនល្បីៗមួយចំនួន សរុបប្រមាណ៨០០០ក្រុមហ៊ុន។ ចំណែកក្រុមហ៊ុន នៅតំបន់អាស៊ីអាគ្នេហ៍ ៣០០០ក្រុមហ៊ុន កំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម SAP នេះផងដែរ។
លោកបន្តថា មូលហេតុដែលនាំឲ្យក្រុមហ៊ុននាំយកប្រព័ន្ធ SAP មកកម្ពុជានេះ គឺដោយសារតែកម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ពិសេសសហគ្រាធុនតូច និងមធ្យម បានក្លាយជាកម្លាំងចលករ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ដូច្នេះប្រព័ន្ធ SAP នឹងជួយរួចចំណែកដល់ការរីកចម្រើន របស់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ឈានដល់ការរុញច្រាន កំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត៕