(សៀមរាប)៖ លោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យទីតាំងធ្វើសួនច្បារ ចំណតរថយន្តពេលរាត្រី នៅអតីតស្ថានីយ៍ចិញ្ចឹមក្រពើ និងការស្តារ ប្រឡាយទឹកកខ្វក់ ក្នុងក្រុងសៀមរាប នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ឃឹម ប៊ុនសុង បានលើកឡើងថា គម្រោងរបស់សាលាខេត្តសៀមរាប នឹងធ្វើការរៀបចំនូវសួនច្បារ និង ចំណតរថយន្តពេលរាត្រី ក្នុងការសម្រួលដល់ការកកស្ទះ ចរាចរណ៍ នៅក្នុងក្រុង ហើយក៏បង្កើតនូវទីកន្លែងលំហែរកាយ និងកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ ក៏ ដូចភ្ញៀវទេសចរណ៍ ។
ម៉្យាងទៀតក៏ជាទីកន្លែង សម្រាប់មាតាបិតា អាណាព្យាបាលនាំយក កុមារតូចៗ មករត់លេងកម្សាន្តទៀតផង ។ លោក ឃឹម ប៊ុនសុង បានណែនាំ ដល់មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្ត ត្រូវធ្វើការជម្រុញដល់មន្ត្រីជំនាញរបស់ខ្លួន ធ្វើការចុះស្តារនូវរាល់កាកសំណល់នៅតាមប្រឡាយរំដោះទឹកកខ្វក់ក្នុង ក្រុង ក្នុងការសម្រួលចរន្តទឹកហូរឲ្យបានលឿន និង បញ្ជៀសការស្ទះចរន្តទឹកភ្លៀងក្នុងរដូវវស្សានេះ។
ម៉្យាងទៀត មន្ទីរសាមី និង អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការណែនាំ អប់រំដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន តាមមាត់ ប្រឡាយ ឲ្យ ចូលរួម ក្នុងការថែរក្សាការពារកុំឲ្យមាន កាក សំណល់ ឬ សំរាមធ្លាក់ចូលទៅក្នុងប្រឡាយ ដែលនាំឲ្យមានការកកស្ទះចរន្តទឹកហូរ ឬ ក៏ធ្លាក់ចូលទៅក្នុងបំពុងទុយោ ចម្រោះទឹកសម្អុយ ដែលធ្វើឲ្យប៉ះពាល់ នឹងខូចខាត ដល់ ផល ប្រយោជន៍សង្គមជាតិ។
បន្ថែមពីលើនេះ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ការរៀបចំធ្វើសួនច្បារ និងចំណតរថយន្តពេលរាត្រីនេះ នឹងចាប់ដំណើរការរៀបចំធ្វើ នៅឆ្នាំ ២០១៧ខាងមុខ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ក្នុងក្រុង ហើយក៏ធ្វើជាទីកន្លែងលំហែរកាយរបស់ភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋ ក្នុងក្រុងផងដែរ ។
លោកបានបន្តទៀតថា ការស្តារនូវប្រឡាយទឹកកខ្វក់នេះ គឺដើមី្បសម្រួលដល់ចរន្តទឹកហូរឲ្យបានលឿន ក្នុងការបញ្ជៀសនូវការកកស្ទះចរន្តទឹកភ្លៀង និងធ្វើការសម្អាតបាត ប្រឡាយ និង មាត់ប្រឡាយ កុំឲ្យ មានដីបាក់ធ្លាក់ចូល ព្រមទាំងស្តារនូវកាកសំណល់សម្រាមដែលបានហូរធ្លាក់ចូលតាមប្រឡាយផងដែរ៕