(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រៀបប្រដូចនយោបាយនៅប្រទេសកម្ពុជាពេលនេះ ទៅនឹងក្រឡាចក្រត្រង់ (អុក) របស់ខ្មែរ។ ជាមួយនឹងជំនាញវោហាយ៉ាងប៉ិនប្រសព្វ សម្តេចតេជោ អះអាងថា អ្នកដែលហ៊ានអុកសម្តេចជាបន្តបន្ទាប់ លទ្ធផលចុងក្រោយនឹងមានគ្រោះថ្នាក់ ត្រឡប់ទៅ ខ្លួនវិញ ជាមួយនោះសម្តេចតេជោបានបន្តបញ្ជាក់ថា អ្នកចោទប្រកាន់សម្តេច ដោយគ្មានមូលដ្ឋាន កំពុងប្រុងរត់គេចទៅក្រៅប្រទេស តាមច្រកប៉ោយប៉ែត។
ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៤៤ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ហាក់និយាយសម្តៅឱ្យដឹងថា អ្នកដែល ប្រើនយោបាយក្រឡាចក្រត្រង់អុក សម្តេចនោះ ជាប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរងបណ្តឹងបរិហារកេរ្តិ៍ និងសមាជិកគណបក្សនេះ ដែលសម្តេចបានដាក់ពាក្យប្តឹងកាលពីម្សិលមិញ ពាក់ព័ន្ធបទបរិហាកេរ្តិ៍ និងចោទប្រកាន់សម្តេចថា ជាអ្នកសម្លាប់លោក កែម ឡី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដូចលេងអុកអញ្ចឹង ឱ្យអុកចុះអុកឡើងអាចបែកទូក អញ្ចឹងត្រូវរៀបចំក្រឡាយ៉ាងម៉េចកុំឱ្យគេអុកតទៅទៀតទេ ! អ្នកដែលអុក ខ្ញុំព្រះករុណខ្ញុំតែងតែគ្រោះថ្នាក់ទៅវិញទេ …ហើយមនុស្សមួយចំនួនបានអុកខ្ញុំព្រះករុណាខ្ញុំ ម្សិលមិញខ្ញុំព្រះករុណាខ្ញុំអុកវិញ ចូលតុលាការបាត់ទៅហើយ តាមដឹងប្រុងឆ្លងនៅច្រកប៉ោយប៉ែត សូមកុំឆ្លង ក្រែងគេចាប់»។
បើទោះបីសម្តេចតេជោ ហ៊ុន សែន មិនបាននិយាយចំឈ្មោះថា ជាអ្នកណា ប៉ុន្តែគេអាចដឹងបានថា អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពី គណបក្ស សម រង្ស៊ី ដែលបម្រុងរត់គេចចេញពីកម្ពុជា តាមរយៈច្រកប៉ោយប៉ែត ដោយយកលេសថាទៅពិនិត្យជំងឺនៅប្រទេសថៃ នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ថ្មីៗនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ព្រមានប្តឹង ពីបទចោទប្រកាន់សម្តេចថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចបានអត់ធ្មត់ច្រើនណាស់ហើយ និងបានស្នើលើកលែងទោសច្រើនណាស់ដែរ ដើម្បីបង្រួបបង្រួមជាតិ ប៉ុន្តែមន្រ្តីបក្សប្រឆាំងទាំងនោះមិនព្រមឡើយ ហើយបន្តអុកសម្តេចរហូតមក។ សម្តេចបានបន្តថា «ខ្ញុំព្រះករុណាខ្ញុំអត់ធ្មត់គ្រប់បែបយ៉ាង លើកលែងទោស ឱ្យគេម្តងហើយម្តងទៀត ប៉ុន្តែគេអត់ព្រមក្នុងការសម្របសម្រួល នូវអ្វីដែលយើងចង់បាន បង្រួបបង្រួមជាតិទេ អញ្ចឹងយើងអត់មានជម្រើសទេ ប៉ុន្តែយើងអត់ប្រើ ហិង្សាទេ ប្រព័ន្ធតុលាការជារឿងចាំបាច់ ក្នុងការដោះស្រាយបញ្ហា ព្រោះប្រទេសយើងជាប្រទេស ដែលមានច្បាប់ គេធ្វើតុលាការសម្រាប់ កាត់សេចក្តីនរណាខុសនរណាត្រូវ»។
សម្តេចតេជោ បានប្រើសុភាសិតមួយ សម្រាប់អ្នកនយោបាយទាំងនោះថា បើហ៊ានស៊ី ត្រូវហានសង បើហ៊ានផ្លោះរបង ត្រូវហ៊ានជាប់គុក ។ ហាក់និយាយថា អ្នកទាំងនោះកំពុងរំលងច្បាប់ សម្តេចថា អ្នកនយោបាយទាំងនោះពេលនេះ បានផ្លោះរបងរួចហើយ។
សូមជំរាបថា មេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញ បានដាក់ពាក្យប្តឹង លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៉ី ជុំវិញរឿងចោទប្រកាន់រាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ថាជាអ្នករៀបចំឃាតកម្ម បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
កាលពីរសៀលថ្ងៃទី១០ ខែកក្កដា លោក សម រង្ស៉ី បានចេញមុខមុនគេបង្អស់ដោយ ចោទរាជរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយ ក្នុងឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីឃាតកម្មនេះកើតឡើង។ ដោយឡែកនាថ្មីៗនេះ តាមរយៈវិដេអូមួយស្តីពីការជួបពិភាក្សាជាមួយ សមាជិករបស់ខ្លួន លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៉ី ក៏បានចោទប្រកាន់ធ្ងន់ធ្ងរថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី តែម្តង៕
សូមអញ្ជើញទស្សនា និងស្តាប់ប្រសាសន៍សម្តេចតេជោ៖