(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមបើកការដ្ឋានស្ថាបនាផ្លូវបេតុង គម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៦ ប្រវែងសរុប៩៩៥ម៉ែត្រស្ថិតក្នុងសង្កាត់ចំនួន០៤ គឺសង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់ទៀន និងសង្កាត់គងនយ ដែលនឹងបម្រើដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ។
លោក នុត ពុធដារ៉ា បានលើកឡើងពីការអភិវឌ្ឍមូលដ្ឋាន ឥតឈប់ឈរពីមួយថ្ងៃទីមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តួយ៉ាងការបើកការដ្ឋានស្ថានាផ្លូវបេតុងថ្មី នៅថ្ងៃនេះជាសក្ខីភាពស្រាប់។ លោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់តិចតួចតាមរយៈការស្ថាបនាផ្លូវនេះ សូមមេត្តាយោគយល់ អធ្យាស្រ័យ ដើម្បីអោយការស្ថាបនាផ្លូវ ដើម្បីអោយឆាប់បានប្រើប្រាស់ទាំងអស់គ្នា និងជាប្រយោជន៍រួម។
លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ក្រុមហ៊ុនអោយស្ថាបនាផ្លូវអោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងឆាប់រហ័សជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ផ្លូវបេតុងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ដែលត្រូវបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ មានចំនួន០៤ខ្សែ ក្នុងសង្កាត់ចំនួន០៤ រួមមាន៖
- សង្កាត់ស្ពានថ្ម ជាបេតុងគ្មានសសៃដែក ប្រវែង២៥០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគោកឪឡឹក
- សង្កាត់រលួស ជាបេតុងគ្មានសសៃដែក ប្រវែង២៦៤ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិក្រពើទ្រោម
- សង្កាត់គងនយ ជាបេតុងគ្មានសសៃដែក ប្រវែង២៥៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគងនយ
- សង្កាត់ទៀន ជាបេតុងគ្មានសសៃដែក ប្រវែង២២៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសាលា៕