(កណ្ដាល)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានស្នើសាខាកាកបាទក្រហមខេត្តគោលដៅចំនួន៤មាន ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ត្រូវបន្តអនុវត្តឱ្យមាននិរន្តភាព ក្នុងកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ឱ្យទទួលបានជោគជ័យ។
លោកស្រី ពុំ ចន្ទីនី បានស្នើបែបនេះក្នុងពិធីបិទ និងប្រគល់កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដល់សាខាកាកបាទក្រហមខេត្តគោលដៅចំនួន៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
លោកស្រី ពុំ ចន្ទីនី បានបន្តថា កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ មានការគាំទ្រហិរញ្ញវត្ថុពីសហគមន៍អឺរ៉ុបតាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម និងកាកបាទក្រហមហ្វាំងឡង់ កាកបាទក្រហមកម្ពុជាបាននឹងកំពុងអនុវត្តគោលដៅចំនួន១៩៤ភូមិ ២០ឃុំ ១០ក្រុង-ស្រុក នៅក្នុងខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ក្នុងរយៈពេល៣ឆ្នាំមកហើយ។
កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ មានគោលដៅរួមចំណែកតាមរយៈការលើកកម្ពស់សុខមាលភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយអនុវត្តសកម្មភាពការងារសំខាន់ៗចំនួន៣ គឺទី១៖ ការត្រៀមបង្ការជំងឺរាតត្បាត, ២៖ ការគ្រប់គ្រងគ្រោះមហន្តរាយ/ការប្រែប្រួលអាកាសធាតុ និង៣៖ ការអភិវឌ្ឍស្ថាប័ន។
លោកស្រី ពុំ ចន្ទីនី បន្ថែមទៀតថា បន្ទាប់ពីការបញ្ចប់ប្រតិបត្តិការកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ដោយសារសហគមន៍អឺរ៉ុប មានការផ្លាស់ប្ដូរទិសដៅអាទិភាពប្រតិបត្តិការ និងការងារកាត់បន្ថយហានិភ័យ ដូច្នេះខេត្តគោលដៅនីមួយៗ ត្រូវបង្ហាញពីភាពម្ចាស់ការ និងភាពទទួលខុសត្រូវរបស់ខ្លួន ក្នុងការបន្តសកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ឱ្យមាននិរន្តភាពនិងមានប្រសិទ្ធភាពខ្ពស់ផងដែរ។
ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា ការងារកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្ដាល បានអនុវត្តកម្មវិធីនៅភូមិគោលដៅចំនួន៤១ ក្នុងឃុំចំនួន៦ នៃស្រុកគោលដៅចំនួន៣ ទូទាំងខេត្តកណ្ដាលរួមមាន៖ ស្រុកខ្សាច់កណ្ដាល ស្រុកលើកដែក និងស្រុកកោះធំ ដោយបានអនុវត្តលើខ្នងផ្ទះ ប្រជាពលរដ្ឋសរុបចំនួន ១៤,៦១៧ខ្នង មានអ្នកទទួលផលសរុបចំនួន ១៥,៧៥៤គ្រួសារ៕