(ភ្នំពេញ)៖ តំណាងប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅកាន់អភិបាលខណ្ឌច្បារអំពៅ ដើម្បីសុំអន្តរាគមន៍ករណីដែលកសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង ដែលមាន់ជល់រាប់រយក្បាល បង្កសំឡេងរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

លិខិតរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង ដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង បានបង្កសំឡេងរំខានយ៉ាងខ្លាំង ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការសម្រាក ការរស់នៅ និងការរៀនសូត្រ ដោយសារហ្វូងមាន់ជល់រាប់រយក្បាលរងាវលាន់ឮទ្រហឹងទាំងយប់ទាំងថ្ងៃ។

ប្រជាពលរដ្ឋលើកឡើងទៀតថា កន្លងមកមានមន្ត្រីមូលដ្ឋានធ្លាប់បានចុះណែនាំជាច្រើនលើក ប៉ុន្តែម្ចាស់កសិកដ្ឋានមិនព្រមស្តាប់ឡើយ។ ដូច្នេះប្រជាពលរដ្ឋសុំឱ្យអាជ្ញាធរចាត់វិធានការលើករណីនេះផង ព្រោះវាបង្កផលប៉ះពាល់ដល់មនុស្សរស់នៅជុំវិញ ពិសេសមនុស្សចាស់មានជំងឺប្រចាំកាយ និងក្មេង ដែលត្រូវការសម្រាក និងសិក្សារៀនសូត្រ៕