(ភ្នំពេញ)៖ គ្រួសារមានកូនតូចៗ៦នាក់ ដែលត្រូវបានម្ចាស់បុរីដេញចេញពីផ្ទះ ព្រោះតែអត់មា​ន​លុយ​​បង់​រំលស់នោះ ពេលនេះបានត្រឡប់ចូលទៅរស់នៅក្នុងផ្ទះរបស់ខ្លួនវិញហើយ ជាមួយ​ក្តី​រំភើប និង​ត្រេក​អរគ្មានអ្វីមកប្រៀបផ្ទឹមនោះឡើយ។

លោក ធុច តួ និងភរិយា ព្រមទាំងកូនតូចៗ៦នាក់ ត្រូវបានលោក មិន គឹមសាន ម្ចាស់បុរីសែន​មនោ​រម្យ រឹបអូសយកផ្ទះត្រឡប់ទៅវិញ ព្រោះតែខកខានបង់រំលស់ថ្លៃផ្ទះអស់ពេលជាង៣ឆ្នាំចុង​ក្រោយ​នេះ​។ លោក ធុច តួ និងភរិយា ព្រមទាំងកូនៗ ត្រូវបានបណ្តេញចេញពីផ្ទះអស់រយៈ​ពេល​ជិត៦ខែមកហើយ។ លោកបានព្យាយាមស្វះស្វែងរកកិច្ចអន្តរាគមន៍ និងសម្របសម្រួលជាច្រើន ជាមួយម្ចាស់បុរី ដើម្បីបានចូលទៅរស់នៅក្នុងផ្ទះនោះវិញ។ តែការស្វះស្វែងរកកិច្ចអន្តរាគមន៍នោះ មិនទាន់មានពន្លឺនៃដំណោះស្រាយអ្វីនោះឡើយ។

បន្ទាប់ពីព័ត៌មានត្រូវបានផ្សព្វផ្សាយនៅ Fresh News ហើយបានជ្រាបដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាហើយនោះ សម្តេចតេជោ ក៏បានណែនាំទៅលោក ឃួង ស្រេង អភិ​បាល​​រាជធានីភ្នំពេញ ជួបជជែកជាមួយម្ចាស់បុរី និងម្ចាស់ផ្ទះ ស្វែងរកដំណោះស្រាយ ដែលអាច​ទទួល​បានទាំងអស់គ្នា។

ក្រោមការណែនាំនេះ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកអភិបាលរាជធានីភ្នំពេញ បានហៅម្ចាស់បុរី និងម្ចាស់ទៅជជែកគ្នា ហើយក៏ឈានដល់ការយោគយល់ និងអនុគ្រោះឱ្យគ្នាទៅ​វិញទៅមក។ ម្ចាស់បុរី ក៏បានអនុញ្ញាតឱ្យលោក ធុច តួ នាំភរិយា និងកូនៗត្រឡប់ចូលទៅរស់​នៅ​ក្នុងផ្ទះរបស់ខ្លួនវិញ។

ការឃ្លាតឆ្ងាយពីផ្ទះធ្លាប់រស់នៅយ៉ាងសុខសាន្តរយៈពេលជាង៥ខែ បានធ្វើឱ្យលោក ធុច តួ និង​ភរិយា ព្រមទាំងកូនតូចៗនោះ នឹករលឹកផ្ទះជាខ្លាំង។ លោក ធុច តួ និងភរិយា ព្រមទាំងកូនៗ មិន​នឹកស្មានថា ខ្លួនមានឱកាសបានត្រឡប់មករស់នៅក្នុងផ្ទះវិញនោះឡើយ។

បន្ទាប់ពីទទួលបានការសម្របសម្រួលលោក ធុច តួ មិនបង្អង់យូរនោះឡើយ គ្រាន់តែចេញពី​សា​លា​រាជធានីភ្នំពេញភ្លាម លោក ក៏បាននាំភរិយា និងកូនៗទាំង៦នាក់​ ត្រឡប់ទៅកាន់លំនៅឋានរ​បស់ខ្លួនវិញ។ ផ្ទះជាតម្រូវការដ៏ចាំបាច់សម្រាប់មនុស្សគ្រប់រូប ដើម្បីជាជម្រកជីវិត។ លោក ធុច តួ និងភរិយា ព្រមទាំងកូនៗ បានបង្ហាញស្នាមញញឹមយ៉ាងពព្រាយ នៅពេលបានត្រឡប់ចូលជម្រក​របស់​​ខ្លួន។

ទាំងលោក ធុច តួ ភរិយា និងកូនៗ បង្ហាញក្តីរីករាយឥតឧបមា។ លោក ធុច តួ បានគោរពថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោកអភិបាលរាជធានីភ្នំពេញ ដែលបានចេញមុខសម្របសម្រួលជាមួយ​ម្ចាស់បុរីឱ្យលោកបានត្រឡប់ចូលទៅរស់នៅក្នុងផ្ទះវិញ។

លោក ធុច តួ បានលើកឡើងថា ការជួយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាគុណ​បំណាច់ដ៏មហាសាលសម្រាប់លោក និងគ្រួសារ ហើយពេញមួយជីវិតរបស់លោក​នឹងមិនភ្លេច​នូវ​គុណ​បំណាច់មួយនេះឡើយ។

សូមបញ្ជាក់ថា លោក ធុច តួ បានទិញផ្ទះនៅក្នុងបុរីខាងលើកាលពីឆ្នាំ២០១៥ តម្លៃជិត ៣ម៉ឺនដុល្លារ ហើយ​ត្រូវ​បង់រំលស់ក្នុងមួយខែជិត ៤០០ដុល្លាររយៈពេលជាង ១០ឆ្នាំ។

លោក ធុច តួ បានចូលមករស់នៅក្នុងផ្ទះខាងលើប្រមាណជាង៦ឆ្នាំ និងបង់រំលស់បានរយៈពេល​ប្រមាណជា៥ឆ្នាំផងដែរ។ វិបត្តិជំងឺកូវីដ១៩ សង្គ្រាមនៅអ៊ុយក្រែន និងការប្រជែងឥទ្ធិពលរបស់​ប្រទេសមហាអំណាច បានជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចនៅកម្ពុជា ហើយលោក ធុច តួ ដែល​ជា​ជាងកញ្ចក់ និងរត់ម៉ូតូកង់៣ ក៏បានប៉ះពាល់ចំណូលប្រចាំថ្ងៃផងដែរ។ លោក ធុច តួ លែងមាន​លទ្ធ​ភាពបង់ប្រាក់រំលស់ជូនទៅបុរីដូចក្នុងកិច្ចសន្យា ដែលជាហេតុនាំឱ្យម្ចាស់បុរីរឹបអូសយកផ្ទះ​ទៅ​វិញ។

ការទុកផ្ទះចោលជិត៦ខែ ក្នុងផ្ទះត្រូវស្រោមដោយធូលី និងសំបុកពីងពាង។ ពេលមកដល់ផ្ទះ លោក ធុច តួ និងកូនៗនាំគ្នាបោសសំអាតផ្ទះ ដើម្បីរស់នៅប្រកបដោយភាពដោយស្នាមញញឹម៕