(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក គុយ លាងគី បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃទាំង៨វត្ត ក្នុងខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំកំបង់ស្វាយ និងប្រជាពលរដ្ឋជាច្រើនផងដែរ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោកស្រី ឃួន ឃុនឌី បានថ្លែងថា ការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
លោកស្រីបានបន្តថា បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនាមានការីកចម្រើនយ៉ាងឆាប់រហ័សបើទោះបីជាប្រជាពលរដ្ឋរស់នៅទីណាក៏ដោយក៏មានវត្តអារ៉ាម មានព្រះវិហារ មានអាស្រម សម្រាប់ឱ្យបងប្អូនដែលបានគោរព និងអភិរក្សនៃព្រះពុទ្ធសាសនា តាមទំនាមទំលាប់ប្រពៃណីខ្មែរក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យប្រជាពលរដ្ឋ ថែរក្សាប្រពៃណីដូនតារបស់ខ្មែរយើង ឲ្យកាន់តែល្អប្រសើរផងដែរ។
លោកស្រីបន្តទៀតថា នៅតាមបណ្ដាវត្តអារ៉ាមនានានៅទូទាំងប្រទេសកម្ពុជា ឃើញមានការសាងសង់សំណង់ជាព្រះវិហារ កុដិ សាលាឆាន់ព្រោងព្រាត សម្រាប់ទុកជាទីសក្ការៈបូជា និងសម្រាប់ព្រះសង្ឈគង់នៅ។ ប្រសិនបើប្រទេសជាតិមិនមានសុខសន្ដិភាព គ្មានការរីកចម្រើន ប្រជាពលរដ្ឋមិនមានជីវភាពធូធារ ហើយការកសាងនៅតាមវត្តអារ៉ាម ក៏និងមិនមានការកើតឡើងនោះទេ ហើយពុទ្ធបរិស័ទ្ធក៏និងមិននាំគ្នាទៅចូលរួមពិធីបុណ្យនៅតាមវត្តអារ៉ាមនោះដែរ។
លោកស្រីបានអំពាវនាវឱ្យបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលមានជំនឿលើព្រះពុទ្ធសាសនា សូមបន្តចូលរួមការធ្វើបុណ្យដាក់ទានជួយកសាងវត្តអារ៉ាម សាលារៀន និងជាពិសេសកសាងអំពើល្អឱ្យបានគ្រប់គ្នាៗ ដើម្បីធ្វើយ៉ាងណាឱ្យសង្គមជាតិ ក្លាយជាសង្គមដែលគ្មានអំពើហឹង្សាជាសង្គមមានតែវប្បធម៌សន្ដោសប្រណីដល់គ្នាទៅវិញទៅមក។
លោកស្រីបានលើកឡើងថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌សង្គម ជាទីជម្រក សម្រាប់ការសិក្សាអប់រំរបស់កូនអ្នកស្រុក និងជាកន្លែងសម្រាប់ស្នាក់នៅបន្តការសិក្សារបស់យុវជន មកពីជនបទនៅតាមទីក្រុងផងដែរ។ ម្យ៉ាងវិញទៀតសូមឱ្យបងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សា និងកែលម្អវត្តអារាមឱ្យក្លាយទៅជាកន្លែងទេសចរណ៍កម្សាន្តក៏ដូចជា លើកកម្ពស់វិស័យវប្បធម៌របស់ជាតិឱ្យបានរីកចម្រើនរុងរឿងតទៅមុខ។
គួរបញ្ជាក់ថា វត្តទាំង៨ មានវត្តឥន្ទ្រីយ៍សំវរៈហៅ វត្តកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន និងវត្ត៧ទៀតស្ថិតនៅស្រុកកំពង់ស្វាយ ដោយក្នុងមួយវត្តទទួលបានទៀនព្រះវស្សា ប្រេងម៉ាសូត អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ ភេសជ្ជៈទឹកសុទ្ធ និងបច្ច័យមួយចំនួន៕