(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលកំពុងទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ខណៈទឹកកំពុងហក់ឡើងខ្លាំងបន្តលិចលង់ នៅតាមតំបន់មួយចំនួនផ្សេងទៀត ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច និងផ្តាច់ផ្លូវ២ខ្សែ មិនអាចចរាចរណ៍បាន។
ការលើកឡើងនេះគ្រាដែលលោកដឹកនាំក្រុមការងារ នៃមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ផ្សេងៗនៅក្នុងឃុំត្រែងត្រយឹង ឃុំយាយម៉ៅពេជ្រនិល និងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក វ៉ី សំណាង បានលើកឡើងថា ជាធម្មជាតិ ខែវស្សាតែងតែភ្លៀង ប៉ុន្តែបើភ្លៀងច្រើនពេក គឺបណ្ដាលឱ្យមានផលប៉ះពាល់ និងរំខានដល់ផលរបររបស់ប្រជាពលរដ្ឋ ពិសេសរំខានដល់ការធ្វើដំណើរដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងបង្កឱ្យមានទឹកជំនន់ជាដើម។
ជាក់ស្ដែងប៉ុន្មានថ្ងៃនេះផ្លូវជាតិលេខ៤ ត្រូវបានជន់លិចជាអន្លើៗ ដែលបង្ករការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការបំពេញភារកិច្ចក៏ដូចជាការដឹកជញ្ជូនទំនិញផ្សេងៗ។ ដោយឡែកផ្លូវលំចំនួនពីរខ្សែរបស់ស្រុកភ្នំស្រួច ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។ តាមរយៈនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលត្រូវការសង្គ្រោះ សូមប្រញាប់រាយការណ៍មកអាជ្ញាធរដែលនៅជិតបំផុត ដើម្បីអាជ្ញាធរមានលទ្ធភាពក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់រដ្ឋបាលឃុំត្រែងត្រយឹង បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៣ឃុំ ចំនួន ១៩១គ្រួសារ ហូរច្រោះផ្លូវប្រវែង៣០០ម៉ែត្រ (ដាច់ផ្លូវចំនួន២កន្លែង ប្រវែង៧០ម៉ែត្រ) ខ្នងទំនប់ធ្លុះចំនួន៥កន្លែង លិចស្រូវ៩៥ហិកតា ដំណាំរួមផ្សំ២២ហិកតា៕