(ភ្នំពេញ)៖ ប្រតិភូឥស្លាមកម្ពុជា ដែលមានតួនាទីជាសមាជិករដ្ឋសភា ទីប្រឹក្សារដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី-ខេត្ត គណៈអុីម៉ាំ រាជធានី-ខេត្ត ប្រធាន អនុប្រធាន សមាគមសម្ព័ន្ធយុវជន មុស្លិមកម្ពុជា និងសាខា រាជធានី ខេត្ត រួមនឹងអាជីវករចំនួន៨៥រូប អញ្ជើញទៅទស្សនៈកិច្ចកាងារនៅខេត្ត ស៊ូម៉ាត្រាខាងលិចប្រទេសឥណ្ឌូនេស៊ី ដែលមានរយៈពេល៥ថ្ងៃ។

ដំណើរទស្សនៈកិច្ចនេះដឹកនាំដោយ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយលោកនឹងអញ្ជើញធ្វើដំណើរចេញពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ខាងមុខ ខណៈប្រតិភូបានធ្វើដំណើរទៅមុននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងឱកាសដំណើរទស្សកិច្ចការងារនេះ គ្រោងនឹងមានការចុះអនុស្សារណៈយោគយល់គ្នា (MoU) ចំនួន ៤ ដើម្បីធ្វើសហប្រតិបត្តិការនឹងគ្នារវាង អង្គការ- សមាគមកម្ពុជា និង ឥណ្ឌូណេស៊ី ។

ជាមួយគ្នានោះ លោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងចុះហត្ថលេខា លើលិខិតបញ្ជាក់សុច្ឆន្ទ (Letter of Intent) ជាមួយនឹងអភិបាលខេត្តស៊ូម៉ាត្រាខាងលិច ដើម្បីឈានទៅចុះអនុស្សារណៈស្ដីពីការចងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងខេត្តស៊ូម៉ាត្រាខាងលិច។

ក្នុងពិធីចុះហត្ថលេខាខាងលើ ក៏នឹងមានវត្តមានលោកបណ្ឌិត អូស្មាន ហាស្សាន់ ឯកឧត្ដម Agung Lakasono ទីប្រឹក្សាជាន់ខ្ពស់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាអតីតប្រធានរដ្ឋសភាជាតិឥណ្ឌូនេស៊ី ព្រមទាំងលោក Yasril Ananta អគ្គលេខាធិការរង នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាល អាស៊ីប៉ាស៊ីហ្វិក (CAPDI) អញ្ជើញទៅចូលរួមជាអធិបតី សាក្សីផងដែរ៕