(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមនឹងក្រុមការងារបាននាំយកទៀន ព្រះវស្សា ទេយ្យវត្ថុ និងព្រមទាំងបច្ច័យទៅប្រគេនព្រះសង្ឃគង់វត្តចំនួន៦៤វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ពិធីចូលវស្សាឆ្នាំ២០២៣នេះ តាមប្រតិទិនបានឲ្យដឹងថា នឹងចាប់ផ្ដើមចូលជាផ្លូវការនៅថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែសីហាឆ្នាំ២០២៣។ ពិធីបុណ្យនេះត្រូវបានប្រជាជនកម្ពុជា គោរពប្រតិបត្តិជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងឱកាសប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុនិង បច្ច័យទៅប្រគេនដល់វត្តចំនួន៦៤ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានគោរពស្នើសុំ ដល់ព្រះសង្ឃតាមវត្តនីមួយៗ សូមបន្តគ្រប់គ្រងព្រះសង្ឃ និងវត្តអារាមឲ្យបានល្អ ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនាស្ថិតស្ថេរគង់វង្ស និងជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិស័ទជានិច្ចនិរន្ត។

ព្រះសង្ឃត្រូវតែប្រតិបត្តិធ៌មវិន័យ និងគោរពតួនាទីជាសង្ឃឲ្យបានខ្ជាប់ខ្ជានសក្តិសមស្រប នឹងការលើកស្ទួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

លោកស្រី ខៀវ ស៊ីណា បានស្នើដល់បណ្ដាវត្តទាំងអស់ ត្រូវមានការរៀបចំវត្តអារាមឲ្យមានរបៀបរៀបរយ ក្នុងនោះរួមទាំងការធ្វើអនាម័យផង ព្រោះវាជាចំណែកធ្វើឲ្យវត្តមានបរិស្ថានល្អ និងមួយចំណែកជួយ ដល់លើកកម្ពស់ព្រះសុខភាពរបស់ព្រះសង្ឃឲ្យបានប្រសើរផងដែរ។

លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានបញ្ជាក់ថា មនុស្សគ្រប់រូបៗត្រូវការជាចាំបាច់ណាស់នូវសេចក្ដី សុខទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចនេះការស្វែងរកសេចក្ដីសុខ សម្រាប់មនុស្សម្នាក់ៗមានការលំបាកណាស់ ប្រសិនណាមិនមានការជឿជាក់ និងមានសេចក្ដីស្ងប់ក្នុងចិត្ត និងស្គាល់ពីតម្លៃពិតនៃសេចក្ដីសុខនោះទេ គឺមិនទទួលបានសេចក្ដីសុខបានដែរ។

តាមរយៈបុណ្យកុសលកើតចេញនាពេលនេះ លោកស្រីសូមឧទ្ទិសជូនដល់ជីដូន ជីតាមាតា បិតា និងញ្ញាត្តិតិការទាំង៧សណ្ដាន បានចែកឋាន មួយចំណែកហើយទៀតឧទ្ទិសជូន ចំពោះដល់ឌួងវិញ្ញាណនៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុ ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិត ក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត នោះផងដែរ។

ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យដែលបានវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសដល់វត្តទាំង៦៤ ក្នុងស្រុកសន្ទុកពេលនេះ ក្នុងមួយវត្តៗមាន៖ ទៀនព្រះវស្សា១គូរ, អង្ករ, មី, ត្រីខ, ទឹកដោះគោ, ទឹកសុទ្ធ, ទឹកក្រូច, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ប៊ីចេង, តែ, កាហ្វេ និងបច្ច័យមួយចំនួនផងដែរ៕