(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានប្រកាសសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើសំណុំរឿងលេខ០០១ និង ០០៤ ជុំវិញការផ្តន្ទាទោសលើករណីបុគ្គលញុះញង់ ការគូសបំផ្លាញសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។
សម្រាប់សំណុំរឿងលេខ០០១ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ គឺ គ.ជ.ប ធ្លាប់បានសម្រេចពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
សំណុំរឿងលេខ០០៤ មានដើមបណ្តឹងឈ្មោះ យ៉ាន សុឃឿន ភេទប្រុស នៅខេត្តត្បូងឃ្មុំ គឺ គ.ជ.ប ធ្លាប់បានសម្រេច ពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ០៥ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
សូមជម្រាបថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការជំនុំជម្រះជាសាធារណៈ ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿង ចំនួន២នេះ។
ជាលទ្ធផល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖
* ១៖ ទទួលពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់ឈ្មោះ យ៉ាន សុឃឿន និងមេធាវី សំ សុគង់តំណាងឱ្យឈ្មោះ លី ម៉េងហ័ង ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
* ២៖ តម្កល់សេចក្ដីសម្រេច លេខ០០៤ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ និង លេខ ០០១ ចុះថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុកជាបានការពេញទាំងមូល។
* ៣៖ សេចក្ដីសម្រេចនេះ ប្រកាសនាសវនាការជាសាធារណៈ ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ដទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។
សូមជម្រាបថា ក្រោយដោះស្រាយបញ្ចប់ជាស្ថាពរ រប់សបណ្តឹងខាងលើ គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផលបោះឆ្នោត ជាបណ្តោះអាសន្ន នាថ្ងៃទី៥ ខែសីហា និងលទ្ធផលផ្លូវការប្រកាសនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣៕