(ភ្នំពេញ)៖ នៅចំពោះមុខកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាង៧០០នាក់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសន្តិភាព ស្ថិរភាព និងនាំប្រទេសជាតិកាន់តែអភិវឌ្ឍរីកចម្រើន នៅក្រោយដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

ការណែនាំបែបនេះរបស់ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងព្រឹកថ្ងៃចន្ទទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានដឹកនាំកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាង៧០០នាក់ ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានវាយតម្លៃនឹងធ្វើការកោសសរសើរនៃការខិតខំបំពេញភារកិច្ចប្រកបដោយឆន្ទៈទទួលខុសត្រូវខ្ពស់របស់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុវត្ថិភាពល្អចាប់តាំងពីការចាប់ផ្តើមបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយរហូតដល់ថ្ងៃបោះឆ្នោត ធានាបានសុខសុវត្ថិភាព និងនាំមកនូវបរិយាកាសល្អ ដែលការបោះឆ្នោតនោះត្រូវបានអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ វាយតម្លៃថាប្រព្រឹត្តទៅដោយយុត្តិធម៌ ឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវបន្តខិតខំគោរពច្បាប់ វិន័យកងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ៕