(ត្បូងឃ្មុំ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងលោកស្រី ហាក់ ជូ ជាមយៀប និងលោកឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកស្រី ឈន សាខន ម៉េងវ៉ាន់ឌី រួមជាមួយញាតិមិត្តបងប្អូន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញប្រគេនទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២៥វត្ត ក្នុងក្រុង-ស្រុកទាំង០៧ នៅខេត្តត្បូងឃ្មុំ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន, លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។
ទៀនព្រះវស្សាដែលនាំប្រគេនដល់វត្តទាំង២៥ គឺក្នុងមួយវត្តទៀនព្រះវស្សា១គូ សាដក១ ទឹកសុទ្ធ៥កេស មី៤កេស ទឹកក្រូច៣កេស អង្ករ១០០គីឡូក្រាម អំបិល៥គីឡូក្រាម ប៊ីចេង៥ គីឡូក្រាម ស្ករស១០ គីឡូក្រាម តែ៣គីឡូក្រាម ភេសជ្ជៈបាកាស១កេស ត្រីខ១កេស ទឹកដោះគោខាប់កន្លះកេស ប្រេងឆា១កេស ទឹកសុីអុីវ២យួរ ទឹកត្រី២យួរ ផ្ផ្លែឈេី១កន្រ្តក និងបច្ច័យ ព្រមទាំងចែកសារ៉ុង និងថវិកា ដល់លោកតាលោកយាយ ដែលអញ្ជើញចូលរួមផងដែរ។
ចំពោះការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃនាឱកាសនេះ ដើម្បីយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
សូមជម្រាបថា រដូវកាលចូលព្រះវស្សាមានរយៈពេល៣ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។
សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ។
បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធីបុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព៕