(តូក្យូ)៖ ការបូកសរុបរបាយការណ៍នៃវិស័យការពារជាតិជប៉ុនប្រចាំឆ្នាំ បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅ របស់ទីក្រុងតូក្យូ ទៅលើការបង្កើនឥទ្ធិពលរបស់ចិន ខណៈដែលទីក្រុងប៉េកាំងមិនបានបង្ហាញការគោរពចំពោះ សាលក្រមតុលាការអន្តរជាតិឡាអេ ដែលបានចេញកាលពីថ្ងៃទី១២ ខែកក្កដា ទៅលើបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើតាម Channel News Asia ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងរបាយការណ៍ការពារជាតិ Defence White Paper ដែលចេញនៅថ្ងៃអង្គារ គឺស្របពេលដែលស្ថានការណ៍នៅ តំបន់អាស៊ីកំពុងតានតឹង ដែលបានកើតឡើងក្រោយការប្រកាសសាលក្រមរបស់តុលាការឡាអេ ឲ្យហ្វីលីពីឈ្នះក្តី លើប្រទេសចិន ជុំវិញបណ្តឹងពាក់ព័ន្ធសមុទ្រចិនខាងត្បូង ដែលអតីតរដ្ឋាភិបាលទីក្រុងម៉ានីល បានប្តឹងជាឯកតោភាគី ទៅកាន់តុលាការអន្តរជាតិនោះ កាលពីឆ្នាំ២០១៣។ របាយការណ៍ខាងលើនេះ ក៏ត្រូវបានទទួលស្គាល់ជាផ្លូវការរួចទៅ ហើយដែរ ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ។
គួរបញ្ជាក់ថា ប្រទេសចិនបានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ នោះឡើយ ដោយបានអះអាងថាវាគ្មានការឯកភាពជារួម ប៉ុន្តែប្រទេសជប៉ុនបានអំពាវនាវឲ្យចិនទទួលយក ព្រោះវាមានការឯកភាព ជារួមទៅហើយ។ ប្រការនេះបាននាំឲ្យទីក្រុងប៉េកាំងរង្គាលចិត្តជាខ្លាំង និងបានធ្វើការព្រមានប្រទេសជប៉ុន មិនឲ្យចូលដៃចូលបញ្ហាសមុទ្រចិនខាងត្បូងថែមទៀតផង៕