(កោះកុង)៖ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង រួមជាមួយលោកស្រី ទូត ហាទីម៉ា អភិបាលស្រុកថ្មបាំង បានដឹកនាំមន្ត្រីក្រោមឱវាទ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ភូមិចំនួន ៥មាន៖ ភូមិជំនាប់ ភូមិឃុំថ្មដូនពៅ ភូមិឃុំឫស្សីជ្រុំ ភូមិតាទៃលើ ស្ថិតនៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ដែលមានប្រជាពលរដ្ឋប៉ះពាល់ចំនួន៥៤គ្រួសារ។

លោកស្រី អ៉ី នារីនេត បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ភូមិដ្ឋានប្រជាពលរដ្ឋ គឺបង្កឡើងដោយសារមានភ្លៀងធ្លាក់រយៈពេល២ ឬ៣ថ្ងៃ ជាប់ៗគ្នាបង្កជាជំនន់ទឹកភ្លៀង ហើយទឹកជំនន់នេះ គឺហូរមកពីតាមដងអូរជ្រលងភ្នំដែលស្ថិតនៅជុំវិញភូមិសាស្ត្រនេះ។

លោកស្រីអភិបាលរងខេត្ត បានបន្តថា ជំនន់ទឹកភ្លៀងនាពេលនេះ មិនបង្កឱ្យមានមនុស្សគ្រោះថ្នាក់អ្វីនោះទេគ្រាន់មានការខាតបង់ផលដំណាំកសិករ គោយន្តកន្រ្ទៃចំនួន ២គ្រឿង ម៉ាសុីកិនស្រូវខា្នតតូចចំនួន ២គ្រឿង ម៉ូតចំនួន ២គ្រឿង មាន់ចំនួន៥០ក្បាល និងខូចខាតផ្លូវចំនួន១ខ្សែ ប្រវែង២គីឡូម៉ែត្រ។

លោកស្រីបានបន្ថែមថា អាកាសធាតុនៅតែមានសម្ពាធទាបនៅឡើយ ដូច្នេះ អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅតែដានដានជាប់ជានិច្ច និងត្រៀមឧបករណ៍ ស្បៀងសម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ទៅរកទីទួលសុវត្ថិភាពដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នការនយោបាយណាមួយឡើយ ព្រោះនេះកាតព្វកិច្ចរបស់អាជ្ញាធរ។

លោកស្រីបានអំពារវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ បើមានបញ្ហាអី្វមួយកើតឡើងក្នុងមូលដ្ឋរបស់ខ្លួនត្រូវផ្តល់ព័ត៌មានជូនអាជ្ញាធរឱ្យបានឆាប់រហ័ស និងក្រើនដល់ប្រជាពលរដ្ឋត្រូវបង្កើនការ ប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះ ក្មេងតូចៗកុំឱ្យចុះលេងទឹកឱ្យសោះ ដែលវាអាចមានការគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង និងត្រូវថែរក្សាសុខភាព ថែរក្សាបរិស្ថានជុំវិញខ្លួនហូបចុកឱ្យមានអនាម័យជាដើម៕