(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ការវាយតម្លៃរបស់អាមេរិក ចំពោះការបោះឆ្នោតនៅកម្ពុជា គឺជាការវាយតម្លៃតាមអារម្មណ៍ និងជាសេនារីយ៉ូនយោបាយតែប៉ុណ្ណោះ។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងបែបនេះ ក្នុងកម្មវិធី Fresh Talk របស់បណ្តាញព័ត៌មាន Fresh News កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រោមប្រធានបទ៖ «លទ្ធផលបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ និងការដឹកនាំរបស់យុវជនបន្តវេន»។

មួយថ្ងៃក្រោយការបោះឆ្នោតនៅកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក មានការរំខានចិត្ត ដោយសារការបោះឆ្នោត​នៅកម្ពុជា គ្មានភាពសេរី និងយុត្តិធម៌។ តែយ៉ាងណាសហរដ្ឋអាមេរិក បានអះអាងថា ខ្លួននៅតែបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិថ្មី។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា​​​ «ការវាយតម្លៃយ៉ាងណា គាត់ (អាមេរិក) ដូចជាថាតាមអារម្មណ៍ យើងនិយាយអញ្ចឹងដូចវាអាក្រក់ស្តាប់បន្តិច ប៉ុន្តែតើយកអំណះអំណាងអ្វីទៅវាស់»

លោកបានបន្តថា៖ «តើគាត់វាយតម្លៃតាមណា ហាក់ដូចជា សម រង្ស៉ី គាត់វាយតម្លៃមួយ សហរដ្ឋអាមេរិកហាក់ដូចជាវាយតម្លៃដូច ឯកឧត្តម សម រង្ស៉ី ដែរ អញ្ចឹងមានន័យថា អត់មានអំណះអំណាង អត់មានអ្នកអង្កេតការណ៍ អញ្ចឹងចំណុចទី៧ ដែលខ្ញុំចង់និយាយ គឺជាសេនារីយ៉ូភូមិសាស្ត្រនយោបាយ»។ លោកបន្តថា៖ ការវាយតម្លៃរបស់សហរដ្ឋអាមេរិក ផ្អែកតាមភូមិសាស្ត្រនយោបាយ ដើម្បីប្រកួតប្រជែងនឹងមហាអំណាចផ្សេងទៀតប៉ុណ្ណោះ

សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត យង់ ពៅ ដូចខាងក្រោម៖