(ភ្នំពេញ)៖ សត្វក្រៀលជាប្រភេទបក្សីដែលមានទំងន់ធ្ងន់ និងខ្ពស់ជាងគេហើយអាចហើរបានក្នុងរយៈចម្ងាយឆ្ងាយ ដែលបច្ចុប្បន្តកំពុងតែទទួលរងការគម្រាមកំហែងឈានទៅជិតផុតពូជអាស្រ័យដោយចំនួនប្រជាសាស្រ្តមានការថយចុះ។ តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅកម្ពុជា និងវៀតណាមមាន៨៧៨ក្បាល ក្នុង២០០២ ធ្លាក់មកដល់១៥៦ក្បាល ក្នុងឆ្នាំ២០២២។
ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាឆ្នាំ២០២៣ នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងវៀតណាមដូចជាតំបន់ដីសណ្តរទន្លេមេគង្គ តំបន់ជំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើង និងឥសាន្ត។
កាលបរិច្ឆេទនៃការធ្វើជំរឿងសត្វក្រៀលនៅប្រទេសកម្ពុជា គឺធ្វើឡើងនៅខែធ្នូ មករា កុម្ភៈ មីនា មេសា និងខែឧសភា។ លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានក្រៀល ចំនួនខ្ពស់បំផុតក្នុងខែកុម្ភៈ គឺ១៨០ក្បាល តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនឹងលទ្ធផលឆ្នាំ២០២២ ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១ រាប់បានតែ១៦១ក្បាល។ សត្វក្រៀល២ក្បាល បានកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ។
សំបុករបស់សត្វក្រៀល ដែលជាសត្វកំពុងរងការគំរាមកំហែងជាសាកលមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបានរគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ នេះជារបកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក បន្ទាប់ពីពួកគេបានទទួលព័ត៌មានអំពីវត្តមានសត្វនេះពីប្រជាជនសហគមន៍ហើយបានចុះពិនិត្យ និងបានកត់ត្រាដល់ទីតាំងក្នុងតំបន់ទីជម្រកនោះ។
ដោយក្តីរំភើបចិត្តជាខ្លាំង លោក អៀម សំអ៊ន់ ប្រធានកម្មវិធីស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញនេះ ដោយបានបញ្ជាក់ថាវា គឺជាកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកសត្វក្រាលរួមជាមួយនឹងសត្វពេញវ័យបន្តពូជមួយគូផងដែរនៅក្នុងតំបន់ព្រៃលិចទឹកទន្លេមេគង្គ សម្រាប់រយៈពេល២០ឆ្នាំកន្លងមកនេះ។
លោកបាននិយាយទៀតថា របកគំហើញដ៏អស្ចារ្យនេះពិតជាជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សបន្ថែមទៀតការពារក្នុងតំបន់ទីជម្រកពីសំណាក់ដៃគូរដ្ឋាភិបាលរបស់យើង សហគមន៍ អង្គការ WWF និងភាគីពាក់ព័ន្ធផ្សេងទៀត។ សត្វក្រៀល គឺជាសត្វស្លាបមានមាឌធំមួយប្រភេទដែលអាចធ្វើចរាចររយៈចម្ងាយឆ្ងាយ ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN។ ក្នុងខែកក្កដា ឆ្នាំ២០២៣នេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានកត់ត្រាទុកនូវសត្វក្រៀល ចំនួន ៤ក្បាលផ្សេងទៀត ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា៖ «វាជាដំណឹងដ៏រីករាយដែលលទ្ធផលជំរឿនឆ្នាំ២០២៣ បង្ហាញពីសញ្ញាវិជ្ជមានព្រោះថាទិន្នន័យជំរឿនសត្វក្រៀល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយបានបង្ហាញនិន្នាការថយចុះរហូត។ ក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលលទ្ធផលពេលនេះបានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពនានារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋការផ្លាស់ប្តូរឥរិយាបថសាធារណជនចំពោះសត្វព្រៃ។ ចំពោះសត្វក្រៀលនេះ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ជាក់ស្តែងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារអភិរក្សក្រៀល ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់សត្វនេះតាមរយៈការអនុវត្តច្បាប់ ការស្រាវជ្រាវ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអបរ់ផ្សព្វផ្សាយ»។
លោក នេត្រ ភក្ត្រា បានកោតសរសើរដល់កិច្ចខិតខំស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រសួងបរិស្ថាន និងអង្គការ WWF ហើយបានថ្លែងលើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តស្រាវជ្រាវ ការពារ និងគ្រប់គ្រងតំបន់ទីជម្រកសត្វក្រៀលនេះ និងសត្វព្រៃទាំងអស់ក្នុងដែនជម្រកឱ្យបានកាន់តែប្រសើរដើម្បីថែរក្សាសត្វព្រៃ និងធនធានធម្មជាតិឱ្យគង់វង្សសម្រាប់ជាប្រយោជន៍ដល់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានយូរអង្វែង។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ដល់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេលកន្លងមកក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយនឹងអង្គការដៃគូពាក់ព័ន្ធនានាក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាជារួម និងដោយឡែកកិច្ចសហការរវាងក្រសួងបរិស្ថានជាមួយអង្គការ WWF ក្នុងការគ្រប់គ្រងដែនជម្រកសត្វសំបូរនេះ។ក្រោមដំបូលនៃសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ ខ្ញុំសូមអំពាវនាវដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋានទាំងអស់ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឱ្យបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ ហើយមកចូលរួមក្នុងសកម្មភាពអភិរក្សឱ្យកាន់តែសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល និងអង្គការដៃគូ និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបញ្ឈប់ការលក់ ទិញបរិភោគសាច់សត្វព្រៃ ដើម្បីយើងរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វខុសច្បាប់នៅកម្ពុជា ហើយរួមគ្នាជំរុញការអភិរក្សធនធានសត្វព្រៃ និងជីវៈចម្រុះឱ្យបានកាន់តែប្រសើរសម្រាប់ពង្រឹងវិស័យអេកូទេសចរណ៍ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរុងរឿងថែមទៀត»។
របកគំហើញថ្មីនាពេលនេះនាំមកនូវក្តីសង្ឃឹមសម្រាប់ការអភិរក្សសត្វស្លាបទាំងក្នុងតំបន់ការពារ និងជម្រកធម្មជាតិផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរ នៅឆ្នាំ២០២១ ប្រទេសកម្ពុជា បានកត់ត្រាចំនួនសត្វក្រៀលសរុប ចំនួន ១៥៦ក្បាល ក្នុងក្របខ័ណ្ឌនៃជំរឿនសត្វនេះតាមបណ្តាតំបន់ទីជម្រកសំខាន់ៗនៅទូទាំងប្រទេស។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជា នៅមានវត្តមានសត្វក្រៀលក្នុងទីជម្រកធម្មជាតិក្នុងចំនួនមួយគួរឱ្យកត់សម្គាល់ ប៉ុន្តែសត្វនេះកំពុងប្រឈម និងកត្តាគំរាមកំហែងជាច្រើនដែលយើងត្រូវរួមគ្នាដោះស្រាយជាបន្ទាន់។
ឆ្លៀតក្នុងឱកាសនេះ លោកសូមថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានបង្កើតក្រុមការងារអភិរក្សសត្វក្រៀលកម្ពុជាដើម្បីគាលគរធនធានក្នុងការអនុវត្តផែនការអភិរក្សសត្វក្រៀលរយះពេល១០ឆ្នាំ (២០២០-២០៣០) នៅកម្ពុជា។
នាយកអង្គការជីវិតធម្មនៅកម្ពុជារូបនេះ បានបញ្ជាក់ថា «យើងសង្ឃឹមថាតាមរយៈការខិតខំប្រឹងប្រែរបស់ក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាន និងមានការចូលរួមពីរដ្ឋបាលព្រៃឈើ និងអង្គការសំខាន់ៗមួយចំនួនដូចជាអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការដីសើមនិងសត្វស្លាបទឹក(WWT), អង្គការមូលនិធិសលកសម្រាប់អភិរក្សធម្មជាតិ (WWF), មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) កត្តាគំរាមកំហែងដស់សត្វក្រៀលដែលបានចែងក្នុងផែនការ១០ឆ្នាំនិងត្រូវបានដោះស្រាយសត្វក្រៀលយើង និងបន្តកើនឡើងវិញ»៕