(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិនៃព្រះរាជាអាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំអង្គភាពក្រោមចំណុះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ​បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុង១ខែកន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកអនុវត្តតួនាទី និងភារកិច្ចជាក់ស្ដែងចំពោះមុខ ដោយសម្រេចបានជោគជ័យនូវសមិទ្ធផលការងារធំៗជាច្រើន។ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន។ ជាក់ស្ដែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិម កើតឡើងចំនួន២៨៦លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១៨៤លើក។

លោកបន្តថា កងយោធពលខេមរភូមិន្ទ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយនិងសណ្តាប់ធ្នាប់ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកបដោយសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា ឬការគំរាមកំហែង ប្រកបដោយបរិយាកាសស្ងប់ស្ងាត់ល្អពុំមានអ្វីដែលគួរឲ្យកត់សម្គាល់។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ជាមួយនឹងលទ្ធផលសម្រេចបាន ក្នុងខែកកក្កដា កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ ក៏បានត្រៀមបំពេញភារកិច្ចសំខាន់ៗមួយចំនួនទៀតដូចជា៖ ការបន្តត្រៀមកម្លាំង មធ្យោបាយគ្រឿងចក្រនិងសម្ភារៈផ្សេងៗសម្រាប់ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយ ផ្សេងៗដែលកើតឡើងជាយថាហេតុ ព្រមទាំងប្តេជ្ញាចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលផងដែរ៕