(កំពត)៖ តាមសេចក្តីរាយការណ៍របស់ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹង នាវេលាម៉ោង២១យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះថា អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធនៃស្រុកទឹកឈូ បានសហការជាមួយកងកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពត និងអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៃក្រុងបូកគោ បានចុះពិនិត្យទីតាំងដែលកងកម្លាំងសមត្ថកិច្ច បានរុករកជនរងគ្រោះ និងជួយសង្គ្រោះអ្នកទេសចរណ៏មួយចំនួន ដែលបានទៅបោះតង់នៅលើជ្រោះឱមាល់ ហើយជាប់មិនអាចឆ្លងមកកន្លែងសុវត្ថិភាពបានដោយសារជំនន់ទឹកភ្លៀងហូរធ្លាក់ពីលើជួរភ្នំកំចាយបូកគោ នៅត្រង់ចំណុចជ្រោះឪម៉ាល់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មកដល់ពេលនេះ កម្លាំងសហការខាងលើបានជួយសង្គ្រោះ ពួកគាត់ជាង៤០នាក់ បានមកដល់កន្លែងមានសុវត្ថិភាព តែដោយឡែកជនរងគ្រោះដែលបានបាត់ខ្លួនចំនួន៤នាក់ បានរកឃើញ៣នាក់ហើយ ២នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
លោកអភិបាលស្រុកទឹកឈូបន្តថា ជនរងគ្រោះជានារីម្នាក់បានបាត់បង់ជីវិត និងនារីម្នាក់ទៀត បានបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ ហេតុការណ៍នេះគឺកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ខណៈពេលដែលមានទឹកហូររសាត់ពីលើភ្នំ។
អភិបាលស្រុកទឹកឈូ ក៏ដូចជាអាជ្ញាធរខេត្តកំពត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវផ្អាកការមកបោះតង់នៅលើជ្រោះឱម៉ាល់ ដោយសារតែពេលនេះ គឺបន្តមានជំនន់ទឹកភ្លៀងយ៉ាងខ្លាំង។ ដោយសារក្រោយពីមានអ្នកទេសចរមួយក្រុមបាននាំគ្នាទៅបោះតង់នៅលើជ្រោះឱម៉ាល់ ស្ថិតក្នុងទឹកដីខេត្តកំពត ហើយក៏ជាប់គាំងនៅទីនោះមិនអាចឆ្លងមកកន្លែងមានសុវត្ថិភាពបាន ដោយសារជំនន់ទឹកភ្លៀងកាលពីយប់មិញ ២៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោក អ៉ឹម ច័ន្ទសោធន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសបងប្អូនដែលមានកូនតូចៗ ព្រោះថាស្ថានភាពស្រុកយើង ខេត្តយើងមានទឹកជំនន់នៅតំបន់ទាបៗ ដោយសារទឹកភ្លៀង ស្ទើតែគ្រប់ឃុំក្នុងស្រុកទឹកឈូ។
អាស្រ័យដូចបានជម្រាបខាងលើនេះ សូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន ដើម្បីជៀសវាងជួបឧបហេតុដោយប្រការណាមួយ៕