(ព្រៃវែង)៖ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោកបណ្ឌិត ស្ដើង សុខុម បានបន្តដឹកនាំក្រុមការងារ ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតជិត ៥,០០០នាក់នៅស្រុកកំចាយមារ ខេត្តព្រៃវែង បន្ទាប់ពីប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ។
ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំចាយមារ លោក បណ្ឌិត ស្ដើង សុខុម បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងការថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ជាពិសេសសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង់ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទូទាំងស្រុកកំចាយមារ។
លោកបណ្ឌិតប្រធានក៏បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកាគណបក្ស អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច និងបេសកកម្មនាពេលកន្លងមកនេះ រហូតសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទកភាព ដោយបានរួមគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅស្រុកកំចាយមារ រហូតដល់ចំនួន ៤,៦៧០៩ សំឡេង ស្មើនឹង៨៦,០៩ភាគរយ និងមានចំណាត់ថ្នាក់លេខ២ ទូទាំងខេត្តព្រៃវែង។ ជាពិសេស គឺឃុំក្របៅ ទទួលបានអត្រាគាំទ្ររហូតដល់ ៩២,២៩% ចំណាត់ថ្នាក់លេខ១, ឃុំជាច ទទួលបានអត្រាគាំទ្រ៩១,៥១% ចំណាត់ថ្នាក់លេខ១ និងលេខ២ក្នុងខេត្តព្រៃវែង ។ ចំណែកឃុំត្របែក ទទួលបានទទួលបានអត្រាគាំទ្រ៨៨,១៦% ចំណាត់ថ្នាក់លេខ៨, ឃុំក្រញូង ទទួលបានអត្រាគាំទ្រចំនួន ៨៦,៣២% ចំណាត់ថ្នាកលេខ១១ និងឃុំស្មោងត្បូង មានអត្រាគាំទ្រ៨៥,៦៤% ក្នុងចំណាត់ថ្នាក់លេខ១៥ទូទាំងខេត្តព្រៃវែង។ ក្រៅពីនេះឃុំចំននួន៣ទៀត ក៏សុទ្ធសឹងតែទទួលបានលទ្ធផលល្អប្រសេីរគួរជាទីគាប់ចិត្តផងដែរ។
បើតាមលោកបណ្ឌិត លទ្ធផលខាងលេីបានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋច្រើនលលើសលប់នៅស្រុកកំចាយមារ ក៏ដូចជាពលរដ្ឋទូទាំងប្រទេសជឿជាក់លើការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់តាំងពីថ្នាក់កំពូលរហូតដល់ថ្នាក់មូលដ្ឋានក្នុងការបម្រើផលប្រយោជន៍ជូនប្រជាជនស្រុកកំចាយមារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយធានាឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងទៅមុខទៀត។
សមាជិក សមាជិកា មេគ្រួសារបក្សរបស់គណបក្សប្រជាជនកម្ពុជា និងអ្នកបោះឆ្នោតបានមើលឃើញអំពើល្អរបស់គណបក្ស ព្រមទាំងសមិទ្ធផលសំខាន់ៗដែលគណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាល ហេីយពួកគាត់បានផ្តល់នូវសច្ចភាព និងសច្ចធម៌ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតយ៉ាងសន្ធឹកសន្ធាប់។
បើតាមលោកបណ្ឌិត ស្ដើង សុខុម ភាពជោគជ័យដ៏ធំធេងនេះ ពិតជាបានប្រសូត្រចេញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស និងភាពសកម្មរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា និងសកម្មជនគណបក្សថ្នាក់មូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំង កាយចិត្ត ពេលវេលា និងធនធានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមសហការបំពេញកាតព្វកិច្ចជាមន្ត្រី បម្រើប្រជាពលរដ្ឋដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ក្រោមមគ្គុទេសក៍ដឹកនាំដ៏ឆ្នើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា។
វត្តមានរបស់លោកបណ្ឌិត និងក្រុមការងារនាពេលនេះ គឺជាការគោរពតាមពាក្យសន្យានៅមុនពេលបោះឆ្នោតផងដែរ។ ក្នុងនោះគិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ ក្រុមការងារបានប្រារព្ធពិធីគោរពថ្លែងអំណរគុណ និងដឹងគុណដល់ម្ចាស់ ឆ្នោតបានចំនួន៦ឃុំរួចហើយ និងបន្តធ្វើនៅចុងសប្ដាហ៍ក្រោយនេះចំនួន២ ឃុំបន្ថែមទៀត។
សូមបញ្ជាក់ថា តាមរយៈការជួបជុំពលរដ្ឋម្ចាស់ឆ្នោតនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់បន្ថែមទៀតអំពីទំនួលខុសត្រូវខ្ពស់របស់ក្រុមការងារគណបក្សប្រជានកម្ពុជា ដែលគ្រប់ពេលវេលាទាំងមុន និងក្រោយការបោះឆ្នោត តែងតែនៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ។ លោកបណ្ឌិតប្រធានបានគូបញ្ជាក់ថា ទោះបីជាគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង ដោយមានការបោះឆ្នោតគាំទ្រយ៉ាងលើសលប់ពីម្ចាស់ឆ្នោតយ៉ាងណាក៏ដោយ ក៏ទាំងអស់គ្នាត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីដណ្ដើមយកជោគជ័យកាន់តែខ្លាំងនៅអាណត្តិក្រោយៗទៀត។
បន្ទាប់ពីជួបសំណេះសំណាលគោរពថ្លែងអំណរគុណ និងដឹងគុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងម្ចាស់ឆ្នោតហើយនោះ លោកបណ្ឌិត ស្ដើង សុខុម ក៏បានបន្តចុះទៅពិនិត្យមើលសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចក្រឡាហោម និងជំទាវ រួមមាន អគារសិក្សាមួយខ្នងកំពុងសាងសង់នៅសាលាបឋមសិក្សាព្រៃភ្លង ក្នុងឃុំស្មោងត្បូង និងអគារសាលាមត្តេយ្យសិក្សា ស ស៊ន់ ក្របៅ នៅឃុំក្របៅ ស្រុកកំចាយមារ ព្រមទាំងទីតាំង ត្រៀមប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ៕