(ភ្នំពេញ)៖ និស្សិតវេជ្ជសាស្ត្រ និងឱសថសាស្ត្រមូស្លីមកម្ពុជា ចំនួន ០៦នាក់ បានធ្វើកម្មសិក្សាចូលរួមការបោះជំរំអន្តរជាតិលេីកទី២១ សម្រាប់និស្សិតវេជ្ជសាស្ត្រឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីដកស្រង់បទពិសោធល្អពីបរទេស។

កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ៖ អ្នកជំនាញវេជ្ជសាស្រ្ដមូស្លីម និងបញ្ហាប្រឈម និងដំណោះស្រាយសហសម័យ សម្រាប់និស្សិតវេជ្ជសាស្ត្រឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី ។

ក្រុមនិស្សិតបានចេញដំណើរទៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការជូនដោយ លោកវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា តំណាងលោកវេជ្ជបណ្ឌិត សុះ មុះសិន ប្រធានសមាគមគ្រូពទ្យអុីស្លាមកម្ពុជា។

លោកវេជ្ជបណ្ឌិត ពាស់ មូស្លីម បានថ្លែងថា កម្មវិធីបោះជុំរំនេះគឺធ្វេីឡើងជារៀងរាល់ឆ្នាំដោយដូរវេនធ្វើតាមប្រទេស នៃសមាជិកសហព័ន្ធគ្រូពេទ្យអុីស្លាមអន្តរជាតិ។
និស្សិតដែលបានចូលរួមកម្មវិធីបោះជំរំនេះ មានចំនួន២៧ប្រទេស។

ជាមួយគ្នានេះដែរ លោកមីត នរទីន ដែលជាសមាជិកសម្ព័ន្ធនិស្សិតវិទ្យាសាស្ត្រសុខាភិបាល នៃសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ហើយជានិស្សិតវេជ្ជសាស្ត្រឆ្នាំទី៤ នៃសាកលវិទ្យាល័យពុទ្ធសាស្រ្ត ដែលបានដឹកនាំក្រុមនិស្សិតទៅចូលរួមកម្មវិធីបោះជំរំបានលើកឡើងបន្ថែមទៀតថា កម្មវិធីខាងលើនេះត្រូវបានរៀបចំដោយ សមាគមគ្រូពេទ្យអារ៉ាប់ប៊ីសាអូឌីត (IMAKSA) សហព័ន្ធយុវជនមុស្លីមពិភពលោក(WAMY) សហព័ន្ធគ្រូពេទ្យអុីស្លាម(FIMA) និងសហការជាមួយ សមាគមគ្រូពេទ្យអុីស្លាមម៉ាឡេស៊ី (IMAM) ពួកគេមានភាពសប្បាយរីករាយដែលបានចូលរួមកម្មវិធីខាងលើ ហើយក៏សង្ឃឹមថា និងទទួលបានបទពិសោធន៏ជាច្រើនផងដែរ៕