(ព្រះវិហារ)៖ ក្នុងទិសដៅចូលរួមចំណែកកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមានឡើងនៅតាមដងផ្លូវ អាជ្ញាធរស្រុករវៀង ខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះបំពាក់ភ្លើងសញ្ញាប្រុងប្រយ័ត្ន តាមបណ្តោយផ្លូវជាតិលេខ៦២ ចំណុចកោងខ្លាំងចំនួន១៧ទីតាំង ក្នុងឃុំរំដោះ ស្រុករវៀង។
លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ ក្នុងគោលបំណងចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ពិសេសនៅចំណុចផ្លូវកោងខ្លាំង នៅថ្ងៃម្សិលមិញនេះ អាជ្ញាធស្រុករវៀង បានសហការជាមួយរដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរំដោះ ចុះបំពាក់ភ្លើងសញ្ញាប្រុងប្រយ័ត្នចំណុចផ្លុវកោងចំនួន១៧ទីតាំង ក្នុងឃុំរំដោះ។
លោកអភិបាលស្រុករវៀង ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកបើកបរនៅតាមផ្លូវត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង បើកបរវ៉ាជែងទាំងប្រថុយប្រថាន ត្រូវពាក់ខ្សែក្រវ៉ាត់និងមួកសុវត្ថិភាពជានិច្ចរាល់ពេលបើកបរនៅតាមដងផ្លូវ៕