(កំពង់ធំ)៖ លោក នី ផល្លី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្នោតជុំ បានចុះជួបសំណេះសំណាល ចូលរួមអាហារសាមគ្គី និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋនៅតាមភូមិទាំង៩ នៃឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងអាត្រាខ្ពស់បំផុតជាប្រវត្តិសាស្រ្តសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

ក្នុងពិធីសំណេះសំណាល លោកប្រធានក្រុមការងារបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់រូប ដែលបានអញ្ជើញមកបោះឆ្នោតយ៉ាងច្រើនលើសលុបដែលបញ្ជាក់ថាប្រជាពលរដ្ឋមានភាពចាស់ទុំផ្នែកនយោបាយ គាំទ្រលទ្ធិប្រជាធិបតេយ្យ និងផ្តល់ការជឿជាក់ខ្ពស់លើការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន ក៏ដូចជាដឹកនាំអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះ គឺប្រជាជនកម្ពុជាឈ្នះ និងប្រទេសជាតិមានសន្តិភាពជានិរន្តន៍។

លើសពីនេះ លោកប្រធានក្រុមការងារបានថ្លែងនៅចំពោះមុខសមាជិក សមាជិកាគណបក្សទាំងអស់ក្នុងការគាំទ្រចំពោះសេចក្តីប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន និងគាំទ្រលោកបណ្ឌិតហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាពេលឆាប់ៗខាងមុខនេះ។

លោក នី ផល្លី បានផ្តាំផ្ញើក្រុមការងារគ្រប់ថ្នាក់ ជាពិសេសអាជ្ញាធរឃុំនិងភូមិ ត្រូវបន្តបង្កើនចុះជួយនិងប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈក្នុងមូលដ្ឋានកាន់តែប្រសើរជាងមុនជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អ លឿនរហ័សជាងមុនដោយមិនប្រកាន់និន្នាការនយោបាយ៕