(ក្រចេះ)៖ ភ្លៀងលាយឡំខ្យល់រន្ទះបាញ់បណ្តាលឲ្យមនុស្ស ១នាក់ស្លាប់ និងរងរបួសចំនួន ២នាក់ ខណៈពេលដែលអ្នកទាំង ៣នាក់ ទៅឃ្វាលគោជ្រកភ្លៀងនៅក្នុងខ្ទមស្រែ។
ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចខ្ទមស្រែគីឡូ៦ ភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
យោងតាមរបាយការណ៍នគរបាលស្រុកឆ្លូង បញ្ជាក់ឲ្យដឹងថា៖
* ជនរងគ្រោះទី១ ឈ្មោះ អោម ណារេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លង ខេត្តក្រចេះ(ស្លាប់)។
* ជនរងគ្រោះទី២ឈ្មោះ អៀង បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ (រងរបួសធ្ងន់)។
* ជនរងគ្រោះទី៣ ឈ្មោះភួង ចន្ទ័មុនី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ (របួសស្រាល)។
តាមរបាយការណ៍បញ្ជាក់ទៀតថា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១៧៖៣០ នាទី ជនរងគ្រោះទាំង៣នាក់ បានទៅឃ្វាលគោនៅវាលស្រែ និងកំពុងជ្រកភ្លៀងក្នុងខ្ទម ពេលនោះរន្ទះបាញ់បណ្តាលឲ្យស្លាប់ចំនួន១នាក់ និងរបួសចំនួន២នាក់តែម្តង។
ករណីនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យសាកសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។ ចំណែកអ្នករងរបួសទាំង ២នាក់ ត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង៕