(ព្រះសីហនុ)៖ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀងបានហក់ឡើងដល់កម្ពស់ ៦,៥០ ពីបាតស្ទឹង កំពស់លើផ្លូវជាតិ ៦,៨០ ហូរកាត់តាមបណ្តោយផ្លូវជាតិប្រហែល ៤១០ម៉ែត្រ។ ហេតុនេះហើយ អាជ្ញាធរសម្រេចផ្អាកធ្វើដំណើរបណ្តោះអាសន្ន ចំពោះរថយន្តតូច-ធំ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា ទឹកស្ទឹងសំរោង បានហូរ និងលិចផ្លូវជាតិលេខ៤ ដែលឡានតូចធំ ត្រូវផ្អាកជាបណ្តោះអាសន្ន។

នេះបើតាមមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សាលា លោក សឹម សុខរិទ្ធ បានបញ្ជាក់ឱ្យដឹងថា គិតមកទល់ពេលនេះ វេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ សភាពទឹកអាចបន្តនឹងឡើងបន្តទៀត ដោយសាអាកាសធាតុកំពុងធ្លាក់ភ្លៀងតិចៗ។

លោកបានបញ្ជាក់ថា ការជន់លិចដោយជំនន់ទឹកភ្លៀងលិចលើផ្លូវជាតិខាងលើនេះ ពុំបណ្តាលឲ្យមានផលប៉ះពាល់ ឬខូចខាតដល់សម្ភាររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកំម្លាំង អហ ស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ចុះគោលដៅជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងប្រចាំការតាមដានសភាពការបន្ត៕