(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារសំឡេងពិសេស ទាក់ទងដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
សម្តេចបានបញ្ជាក់ថា នីតិកាលទី៧ ដែលត្រូវកើតឡើងនៅខែក្រោយនេះ នៅរក្សាឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពពីគណបក្សនយោបាយនានាដដែល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងពិតជាមានតម្រូវការ ដើម្បីប្រមូលនូវធាតុចូលទាំងអស់ នៃបណ្តាបក្សនយោបាយ បើទោះបីបក្សនយោបាយមានសន្លឹកឆ្នោត មានអាសនៈក្នុងសភា ឬគណបក្សនយោបាយគ្មានអាសនៈនៅក្នុងសភា ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ ក្នុងន័យនេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងត្រូវរៀបចំឱ្យមាន នៅក្នុងនីតិកាលទី៧ ជាបន្តទៀត»។
សម្តេចបន្តថា បើយោងតាមព្រះរាជក្រឹត្យអាណត្តិ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងចប់នៅពេលដែលរាជរដ្ឋាភិបាលត្រូវបានបញ្ចប់អាណត្តិ ហើយរាជរដ្ឋាភិបាលថ្មី ក៏នឹងត្រូវធ្វើព្រះរាជក្រឹត្យ ដើម្បីដាក់ឱ្យដំណើរការ នៅក្រុមប្រឹក្សាប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលលក្ខខណ្ឌផ្សេងៗក៏នឹងត្រូវលើកឡើងផងដែរ។
សម្តេចបន្តថា ការរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់នីតិកាលទី៧នេះ ក៏ដូចនីតិកាលទី៦ដែរ ដោយផ្តល់ឱ្យមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងមានលេខាធិការ ដែលគណបក្សនយោបាយមួយ ត្រូវមានឥស្សរជន៣រូបចូលរួម។
សម្តេចបន្តទៀតថា «សូមគណបក្សនយោបាយដែលធ្លាប់បានចូលរួម ក្នុងប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នីតិកាលទី៦ មានការនឹងន អំពីការរៀបចំបន្ត។ ឯចំពោះគណបក្សនយោបាយមិនបានចូលរួមការបោះឆ្នោត ប៉ុន្តែមានការចុះឈ្មោះស្របច្បាប់នៅក្រសួងមហាផ្ទៃ អាចនឹងត្រូវបានចូលរួមយ៉ាងណានោះ គឺទុកលទ្ធភាពជូនចំពោះនាយករដ្ឋមន្ត្រីថ្មី និងរាជរដ្ឋាភិបាលថ្មី ដើម្បីគិតគូររឿងនេះ យើងចង់ប្រមូលផ្តុំធនធានមនុស្ស ធនធានខួរក្បាលដើម្បីបន្តការអភិវឌ្ឍប្រទេស បន្ថែមលើនោះក៏ជាស្មារតីបង្រួបបង្រួមជាតិមួយ ឆ្ពោះទៅរកអនាគតដ៏រុងរឿង»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/145943