Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី នាំឲ្យជើងហោះហើរជាច្រើនផ្អាកដំណើរការ

02-08-2016 09:14

(ស៊ីដនី)៖ ជើងហោះហើរទាំងអស់ពីកោះបាលី របស់ប្រទេសឥណ្ឌូណេស៊ី ទៅកាន់ប្រទេសអូស្ត្រាលីត្រូវបានផ្អាក ដំណើរការទាំងអស់ ដោយសារតែភ្នំភ្លើង Rinjani បានផ្ទុះឡើង និងបង្កជាកម្អែលផេះផង់ ពាសពេញដីនិងអាកាស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។

ក្រុមហ៊ុនអាកាសចរណ៍ អូស្ត្រាលី និង សិង្ហបុរី ដូចជា Virgin, Tigerair, Qantas និង Jetstar ដែលគ្រោងធ្វើដំណើរពី ប្រទេសអូស្ត្រាលីទៅកាន់កោះបាលី នោះក៏ត្រូវបានផ្អាកដំណើរការផងដែរ ចាប់តាំងពីយប់ថ្ងៃចន្ទ មកម្ល៉េះ ដោយសារស្ថានភាពអាកាសធាតុ មិនទាន់ប្រសើរឡើងវិញ។ ទីភ្នាក់ងារតាមដានកម្អែលផេះភ្នំភ្លើង របស់ឥណ្ឌូណេស៊ី បាននិងកំពុងធ្វើការតាមដានសកម្មភាពភ្នំភ្លើង Rinjani នៅឡើយ មុននឹងសម្រេចអនុញ្ញាតការហោះហើរឡើងវិញ។

គួរបញ្ជាក់ថា កោះបាលីរបស់ឥណ្ឌូណេស៊ី ជាឋានសួគ៌ទេសចរណ៍របស់អន្តរជាតិ ប៉ុន្តែគំរោងទេសចរណ៍ជាច្រើនក្នុង សប្តាហ៍នេះត្រូវបានផ្អាកមកកាន់កោះនេះហើយដោយសារបន្ទុះភ្នំភ្លើង។ កាលពីខែកក្កដា ឆ្នាំ ២០១៥ ភ្នំភ្លើង Ruang ស្ថិតនៅកោះជ្វា បានផ្ទុះឡើងដែលនាំឲ្យមានការផ្អាកជើងហោះហើរពីអូស្ត្រាលីដូចគ្នា៕