(សៀមរាប)៖ លោក ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ត្រូវជំនាញមួយ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន។
លោកលើកឡើងដូច្នេះក្នុងពិធីសម្ពោធអគាសិក្សា និងប្រគល់សញ្ញបត្រ ISO 9001:2015 ដល់សិស្ស-និសិត្យ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដែលមានសិស្ស-និស្សិតជ័យលាភីសរុបទាំងអស់ចំនួន ១១៧២នាក់ (ស្រី ១១៩នាក់) ក្នុងនោះដែរ៖ កម្រិតបរិញ្ញាបត្របច្ចេកវិទ្យាចំនួន ៣១នាក់ (ស្រី ២នាក់) សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ៣៩១នាក់ (សី ៥៦នាក់) និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ២ ៣ ចំនួន ៧៥០នាក់ (ស្រី ៦១នាក់) ផងដែរ។
យោងតាមរបាយការណ៍របស់លោក ម៉ប់ សុីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានលើកឡើងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបានបណ្តុះបណ្តាលដល់សិក្ខាកាម សិស្ស និស្សិត ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យាក្នុងវិស័យអាទិភាពលើមុខជំនាញដូចជា សំណង់ អគ្គិសនី អេឡិចត្រូនិក បរិក្ខារត្រជាក់ ព័ត៌មានវិទ្យា មេកានិចរថយន្តជាដើម។ ចំពោះសិស្ស និស្សិត ដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានពីឆ្នាំ ២០១៤ រហូតមកដល់ឆ្នាំ២០២២ មានចំនួនសរុប ៥ ១៦០នាក់ ស្រី ១ ៨០០នាក់។ សម្រាប់ឆ្នាំសិក្សា ២០២២-២៣ នេះ វិទ្យាស្ថានមានសិស្ស និសិ្សតកំពុងសិក្សា ចំនួន ១ ០៩៦នាក់ ស្រី ១៦៤នាក់ លើកម្រិត និងជំនាញ ក្នុងវិស័យអាទិភាព។ ក្រៅពីចំណេះជំនាញ សិស្ស និស្សិតទាំងអស់ក៏ទទួលបាននូវចំណេះដឹងបន្ថែមផ្តោតលើជំនាញទន់ ការងារយេនឌ័រ ការងារស៥ ជំនាញភាពជាអ្នកដឹកនាំជាដើម។ ជាងនេះទៅទៀត ក្នុងក្របខណ្ឌគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង S4C សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស កម្មវិធីសិក្សាថ្មីត្រូវបានរៀបចំដោយវិទ្យាស្ថានរបស់សិង្ហបុរី។ ចាប់ពីឆ្នាំបន្ទាប់ៗទៀត វិទ្យាស្ថាននឹងមានបញ្ចូលក្នុងកម្មវិធីសិក្សានូវ កម្មវិធីព្រះពុទ្ធសាសនា និងការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្មវិធីតន្រ្តី និងកម្មវិធីសុខភាពសិស្ស និស្សិត តាមរយៈការហាត់កីឡា ក្បាច់គុនខ្មែរ ល្បុកតោ។
លោកបន្តថា សិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលពីវិទ្យាស្ថានទទួលបានការងារធ្វើ ៩៦% ដែលក្នុងនោះធ្វើការឱ្យក្រុមហ៊ុនឯកជនចំនួន៧៥% ស្ថាប័នរដ្ឋចំនួន ៤% អង្គការក្រៅរដ្ឋាភិបាលចំនួន ១% ប្រកបអាជីវកម្មផ្ទាល់ខ្លួន/គ្រួសារចំនួន ១៨% និងផ្សេងៗមានចំនួន២%។ ដើម្បីឆ្លើយតបទៅនឹងទស្សនៈវិស័យរបស់វិទ្យាស្ថាន ការពង្រឹងគុណភាពគ្រប់គ្រង ក៏ដូចជាគុណភាព នៃការបណ្តុះបណ្តាលដើរតួយ៉ាងសំខាន់។ នៅឆ្នាំ ២០១៩ វិទ្យាស្ថានបានរៀបចំការងារគ្រប់គ្រងនៅក្នុងវិទ្យាស្ថានស្របតាមប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្តង់ដារ និងបានរៀបចំឯកសារស្នើសុំវិញ្ញាបនបត្រ ISO 9001-2015 ហើយវិទ្យាស្ថានក៏បានទទួលវិញ្ញាបនបត្រ ISO 9001-2015 នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានកោតសរសើរជាមួយនឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារគម្រោង ADB និង AFD ព្រមទាំងគណៈគ្រប់គ្រងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាស្ថាន រហូតទទួលបានលទ្ធផលដូចថ្ងៃនេះ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាសមិទ្ធិផលដ៏មានតម្លៃសម្រាប់ខេត្តសៀមរាប ព្រោះថាវិទ្យាស្ថាននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនាញពិតប្រាកដដល់យុវជន យុវនារី និងជនក្រីក្រងាយរងគ្រោះ មានឱកាសទទួលបានការងារសមស្របមួយដើម្បីចិញ្ចឹមជីវិត ព្រមទាំងជាការរួមចំណែកជួយកាត់បន្ថយចំណាកស្រុកខុសច្បាប់ទៅធ្វើការជាកម្មករក្រៅប្រទេស ដែលគ្មានជំនាញផងដែរ។
លោក ពេជ សោភ័ន បានសម្តែងនូវការកោតសរសើរចំពោះវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលបាន ខិតខំយកចិត្តទុកដាក់បណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិតប្រកបដោយគុណភាព និងការទទួលបានវិញ្ញាបនបត្រ ប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដា ISO 9001:2015 ពីក្រុមហ៊ុននៃប្រទេសសិង្ហបូរី។ ការសម្រេចបាននេះ គឺអាស្រ័យដោយសារមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ រោងចក្រ សហគ្រាស ដៃគូ ព្រមទាំង មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ គ្រប់លំដាប់ថ្នាក់ទាំងអស់ដែលមានវត្តមាននៅទីនេះ។
លោក ពេជ សោភ័ន បានបន្តថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តទៀតថា អគាអន្តេវាសិកដ្ឋានបុរស-ស្រ្តី ឃ្លាំង និងអគារមជ្ឈមណ្ឌលឧត្តមភាព ដែលបានដា សម្ពោធនេះ សរុបមានចំនួនរសិក្សា អគាររោងជាង ១០អគារ ដែលមានតម្លៃជាង ១៦លានដុល្លាអាមេរិក។ ផែនការបន្តនឹងក្រាលបេតុងផ្លូវចូល រៀបចំសួនច្បារ និងអភិវឌ្ឍប្រព័ន្ធលូ៕