(ភ្នំពេញ)៖ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌមានជ័យ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទៅបោះឆ្នោត និងបានបោះឆ្នោតគាំទ្រដល់គណបក្ស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
នៅក្នុងឱកាសនៃកម្មវិធីសំណេះសំណាល បន្ថែមលើការពាំនាំប្រសាសន៍ផ្តាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ, លោក នួន ផារ័ត្ន បានសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ហើយបានរួមចំណែកឱ្យអត្រាអ្នកចូលរួមបោះឆ្នោតសរុបនៅរាជធានីភ្នំពេញ មានចំនួនរហូតដល់ ៨៥,៧៥% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ខណៈពេលដែលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន ទទួលបានជាមធ្យម អត្រាអ្នកចូលរួមបោះឆ្នោតចន្លោះពី ៥០% ទៅ ៦០% ប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកក៏បានចែករំលែកបន្ថែមអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កន្លងទៅ ព្រមទាំងបច្ចុប្បន្នភាពនៃសភាពការណ៍ទូទៅរបស់ប្រទេសកម្ពុជា នៅក្រោយការបោះឆ្នោតផងដែរ។ ចំពោះដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កន្លងទៅ ជារួមទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ថាបានប្រព្រឹត្តទៅប្រកបដោយភាពសេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយមានបរិយាកាសល្អប្រសើរ ប្រកបដោយសណ្តាប់ធ្នាប់ និងមានការគោរពបានតាមរដ្ឋធម្មនុញ្ញ នីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ នៃការបោះឆ្នោត។ លោកបានបន្ថែមថា តាមរយៈលទ្ធផលបណ្តោះអាសន្ន ដែលបានបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងចំណោមគណបក្សនយោបាយទាំង១៨ ដែលបានចូលរួមប្រកួតប្រជែងនៅមណ្ឌលរាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជានៅតែឈានមុខគេ និងបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការទទួលបានអាសនៈរដ្ឋសភា ហើយសកម្មភាពនៃការចូលរួមបោះឆ្នោតរបស់បងប្អូនសមាជិក-សមាជិកាគណបក្ស ជាផ្នែកមួយយ៉ាងសំខាន់ ឆ្លុះបញ្ចាំងអំពីភាពចាស់ទុំខាងផ្នែកនយោបាយ និងភាពជាម្ចាស់ ដែលបានដើរទន្ទឹមគ្នានឹងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា ជាពិសេសបានបង្ហាញអំពីគោលជំហរយ៉ាងច្បាស់លាស់ គាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងគាំទ្រដល់បេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន គឺលោក បណ្ឌិត ហ៊ុន ម៉ាណែត។
បន្ថែមលើនេះ លោកបានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលអាណត្តិថ្មីនេះ គឺជាសមាសភាពថ្មីភាគច្រើន ដែលសុទ្ធសឹងតែជាបញ្ញាវន្តប្រកបដោយចំណេះដឹង ថាមពល និងមានបទពិសោធន៍ការងារជាច្រើនឆ្នាំ ដែលនឹងបន្តបេសកកម្មដឹកនាំនាវាកម្ពុជាឆ្ពោះទៅវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត នៅក្រោមម្លប់នៃសុខសន្តិភាព នៅក្នុងអាណត្តិទី៧ នេះ។
លោក នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនសមាជិក-សមាជិកាគណបក្សទាំងអស់ ដែលបានបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តជឿជាក់លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយបានចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលប់ ដែលបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ទៅ គណបក្សប្រជាជនកម្ពុជានឹងបន្តនៅបម្រើប្រជាពលរដ្ឋ បន្តដោះស្រាយបញ្ហាប្រឈមនានាដែលមូលដ្ឋានបាននិងកំពុងជួបប្រទះ ព្រមទាំងបន្តកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕