(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បានបញ្ជាក់ថា នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មៅ (Siem Reap Angkor International Airport) នឹងទទួលជើងជើងហោះហើរសាកល្បងមួយចំនួន តាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ ប៉ុន្តែមិនមែនផ្តល់ឱ្យអ្នកដំណើរជិះដោយឥតគិតថ្លៃនោះទេ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ស៉ីន ចាន់សិរីវត្ថា អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា ក្នុងពេលបើកសាកល្បងរយៈពេល១០ថ្ងៃនេះ អាកាសយានដ្ឋានថ្មីនេះ នឹងអនុញ្ញាតឱ្យយន្តហោះចុះថតបានសម្រាប់ប្រភេទយន្តហោះដែលមិនមែនស្វែងរកប្រាក់ចំណេញដូចជាការចុះចតសម្រាប់យន្តហោះ VIP, ប្រភេទយន្តហោះសម្រាប់បណ្តុះបណ្តាលដល់អ្នកបើកយន្តថ្មី និងការហោះហើរសាកល្បងបច្ចេកទេសជាដើម។
មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ គូសបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានមួយ បានផ្សព្វផ្សាយថា ក្នុងពេលបើកដំណើរការសាកល្បងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា នឹងផ្តល់ការធ្វើដំណើរដោយឥតថ្លៃ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេល១០ថ្ងៃនោះ គឺជាការទទួលការចុះចតយន្តហោះទាំងឡាយណាដែលមិនទទួលប្រាក់ចំណេញ មិនមែនបានន័យថា មនុស្សដែលធ្វើដំណើរជិះនៅលើយន្តទទេៗនោះទេ សូមកុំយល់ច្រឡំ ហើយក្នុងលិខិតយើងក៏និយាយអ៊ីចឹងដែរ។ ហេតុនេះហើយសូមកុំឱ្យសាធារណជន កុំមានការយល់ច្រឡំចំពោះការបកស្រាយពីបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន»។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការ « អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) គ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣តទៅ»។
បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលគ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ននឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕