(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកគ្រឿងចក្រកាយប្រឡាយរំដោះទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តកែប ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង​។

បញ្ហានេះមួយផ្នែកធំ​គឺកត្តាអាកាសធាតុ​ និងមួយផ្នែកតូចទៀតបណ្ដាលមកពីការជួសជុលសាងសង់​ លេីកកម្ពស់គុណភាពផ្លូវជាតិលេខ៣៣ ដែលក្នុងអន្តរកាលនេះធ្វើឲ្យប្រព័ន្ធបង្ហូរទឹកមួយចំនួនធំមានការរាំងស្ទះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើឲ្យអាកាសធាតុ​នៅកម្ពុជា​មានភ្លៀងធ្លាក់គ្រប់ទីកន្លែង​ ពិសេសតំបន់សមុទ្រមាន​ភ្លៀងធ្លាក់ច្រេីន​ ខ្យល់កន្ត្រាក់​ ផ្គររន្ទះ​ និង​រលកសមុទ្របោកបក់ខ្លាំងមានកម្ពស់ខ្ពស់ៗ។

លោកអភិបាខេត្តបានអំពាវនាវសូមប្រជាពលរដ្ឋ កុមារ​តូច​ៗ​ និងប្រជានេសាទទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ៕