(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ សម រង្ស៉ី បានបង្ហោះកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទ.១១០២ នៃការិយាល័យបោះឆ្នោត ចំនួន៣ ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួមមានការិយាល័យលេខ ១៥៨៤, ១៥៨៨ និង១៥៩៦ ដោយអះអាងថា «ការិយាល័យបោះឆ្នោតទាំងនោះមិនបានកត់ត្រាចំនួនសន្លឹកឆ្នោតរបស់គណបក្សនយោបាយ ដែលបានចូលរួមឈរឈ្មោះបោះឆ្នោតនៅការិយាល័យទាំងនោះ គ្រាន់តែកត់ត្រានូវចំនួនសន្លឹកឆ្នោតសរុបតែប៉ុណ្ណោះ»។
តាមការបញ្ជាក់របស់ប្រធានការិយាល័យបោះឆ្នោតនិងរាប់សន្លឹកទាំង ៣ខាងលើ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្ដាល សូមធ្វើការបំភ្លឺចំពោះសាធារណមតិសូមជ្រាបថា បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោតភ្លាម លេខាធិការនៃការិយាល័យរាប់សន្លឹកឆ្នោតទាំង ៣ខាងលើ បំពេញ ទ.១១០២ ចំនួន ២ច្បាប់ត្រឹមត្រូវ ដោយឡែក ១ច្បាប់ ដែលយកទៅបិទផ្សាយនៅមុខការិយាល័យ មិនបានកត់ត្រាសម្លេងឆ្នោតគាំទ្ររបស់គណបក្សនយោបាយ។ ស្របពេលនោះដោយដឹងពីចំណុចខ្វះចន្លោះរបស់ខ្លួន មន្ត្រីការិយាល័យក៏បានកត់ត្រាបន្ថែមនូវសំឡេងឆ្នោតគាំទ្ររបស់គណបក្សនយោបាយនីមួយៗ ភ្លាមៗដែរ។ នេះបញ្ជាក់ថាករណីខាងលើ គឺជាការធ្វេសប្រហែសរបស់មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត។
ដូច្នេះគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្ដាល សូមបដិសេធទាំងស្រុងនូវពាក្យចោទប្រកាន់ខាងលើ ដែលលើកឡើងថាសន្លឹកឆ្នោតនៅការិយាល័យទាំង ៣ខាងលើត្រូវបានគេលួចបន្លំ៕