(ភ្នំពេញ)៖ លោក ហៀង ស្រ៊ុន ប្រធានពន្ធដាសាខាខណ្ឌសែនសុខ បានជាវសៀវភៅ «មរតកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជា ក្នុងសម័យតេជោ» ចំនួន១០០ច្បាប់ ទុកចែកជូនមន្រ្តីរបស់ខ្លួន និងក្រុមគ្រួសាររបស់គេ សម្រាប់អាន និងទុកជាឯកសារនៅក្នុងប្រវត្តិសាស្រ្តកីឡានៅកម្ពុជា។
លោក ហៀង ស្រ៊ុន បានបញ្ជាក់ថា សៀវភៅនេះពិតជាមានសារសំខាន់ដែលបង្ហាញពីឧត្តមភាព និងកិត្តិយសជាតិ នៃកម្ពុជាក្នុងសម័យតេជោសន្តិភាព នៅលើឆាកអន្តរជាតិ ហើយដើម្បីលើកទឹកចិត្តអ្នកនិពន្ធផង លោកក៏បានជាវសៀវភៅនេះពីអ្នកនិពន្ធដោយផ្ទាល់។ លោក ហៀង ស្រ៊ុន ក៏បានលើកទឹកចិត្តឱ្យមន្រ្តីផ្សេងៗទៀតគួរមានសៀវភៅនេះនៅក្នុងបណ្ណាល័យទាំងនៅក្នុងផ្ទះ និងកន្លែងធ្វើការទុកជាឯកសារជំនួយស្មារតី។
សូមរម្លឹកថា សៀវភៅ «មរតកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជា ក្នុងសម័យតេជោ» ត្រូវបានចងក្រងដោយលោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ និងជាគ្រូឧទ្ទេសផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យមួយចំនួនផង ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅ ក្រោមអធិបតីភាពរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
សៀវភៅនេះ មានរូបភាពជាច្រើនពាក់ព័ន្ធនឹងកីឡា ជាពិសេសមានរូបមន្រ្តីជាច្រើនរូបដែលបានហែភ្លើងគប់កីឡា ទាំងនៅក្នុង និងក្រៅប្រទេស ព្រមទាំងនៅក្នុងទិដ្ឋភាពនៃការទស្សនាកីឡា និងពិធីបើកបិទកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
សៀវភៅក៏បានបង្ហាញពីរឿងរ៉ាវក្រៅឆាកខ្លះៗអំពីកីឡាដោយមានការទាក់ទិននឹងមនោគមន៍វិទ្យា និងការយកប្រៀបលើភូមិសាស្រ្តនយោបាយរបស់ប្រទេសមហាអំណាចនៅពេលសង្រ្គាមត្រជាក់ចាប់ផ្តើម ដែលបែងចែកពួកស្តាំនិយម (ពួកប្លុកសេរី) និងឆ្វេងនិយម (ពួកប្លុកកុម្មុយនីស្ត) ហើយចាប់តាំងពីកីឡាទាំងពីរនេះត្រូវបានបង្កើតឡើងជាផ្លូវការ កម្ពុជាមិនដែលបានរៀបចំធ្វើម្តងណាឡើយ រហូតមកដល់ឆ្នាំ២០២៣ ទើបមានឱកាស។
សៀវភៅក៏បានផ្តិតរូបភាពជាច្រើននៃដំណើការសុំព្រះអគ្គិជ័យ និងភ្លើងគប់កីឡា និងការហែនៅក្នុងប្រទេស និងទៅប្រទេស១០ផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូតមកដល់ថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡាជាផ្លូវការ។
លោក ឆាយ សុផល បានរម្លឹកប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយលើកឡើងថា កម្ពុជា ជាប្រទេសតូច តែបេះដូងធំ ហើយលុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះ ចាយមិនអស់ឡើយ ហើយបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗបានដឹងទៀតផង។
លោក ឆាយ សុផល បានអត្ថាធិប្បាយថា កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងពីរនេះបាន ដោយធ្វើឱ្យប្រទេសទាំងនៅក្នុងតំបន់ និងនៅពិភពលោកមានការស្ញប់ស្ញែង នឹកស្មានមិនដល់នោះ ក៏ដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ អាចរក្សាបានសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនអត្តពលិក និងភ្ញៀវបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់បម្រើការប្រកួតកីឡាខ្នាតអន្តរជាតិ ដោយមិនចាញ់បណ្តាប្រទេសនៅជុំវិញពិភពលោកនោះទេ ហើយល្អជាងប្រទេសជាច្រើនទៀតផង។
គឺស្របពេលដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចចេញពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយមានការលូកដៃពីអង្កការណាតូ និងសម្ព័ន្ធមិត្ត ខណៈជំងឺរាតត្បាត កូវីដ-១៩ ជាសកលនៅតែបន្ត ហើយបញ្ហាប្រែប្រួលអាកាសធាតុជាក្តីបារម្ភដ៏ធំរបស់ពិភពលោក។ ទាំងនេះគឺជាភាពជោគជ័យមហាធំធេង ហើយបាននាំកិត្យានុភាព និងឧត្តមភាព នៃប្រទេសទៅលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាទាំងពីរខាងលើ។